ព័ត៌មានជាតិ

សម្តេចតេជោ ៖ ពលរដ្ឋខ្មែរម្នាក់ ត្រូវបានរំដោះ ក្រោយចាញ់បោក បក្សនយោបាយមួយ នៅបារាំង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឲ្យដឹងថា មានប្រជាពលរដ្ឋខ្មែរម្នាក់ ត្រូវបានរំដោះចេញ ក្រោយចាញ់បោកប្រាស់របស់គណបក្សនយោបាយមួយ នៅប្រទេសបារាំង ហើយរូបគេ នឹងចេញវីដេអូបកអាក្រាតអំពើទុច្ចរិត របស់បក្សនយោបាយនោះ។

ជុំវិញបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន ក៏មិនបានបង្ហើបនៅឡើយទេថា គណបក្សនយោបាយមួយនោះ ជាគណបក្សឈ្មោះអ្វីឡើយ។ ប៉ុន្តែគេនឹងអាចដឹងបាន នៅពេលពលរដ្ឋខ្មែរម្នាក់នោះ ទម្លាយអំពើទុច្ចរិតរបស់បក្សនយោបាយនោះ។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង ១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេច កំពុងឲ្យក្រសួងការបរទេស និងទូតខ្មែរ នៅប្រទេសបារាំង រកវិធីដើម្បីរំដោះពលរដ្ឋខ្មែរមកស្រុកកំណើតវិញ។

សម្ដេច នាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា «យើងបានឯកសារខ្លះ នឹងធ្លាយចេញ នៅពេលខាងមុខនេះ មិនយូរប៉ុន្មាន ព្រោះគាត់នៅទីនោះកំពុងធ្វើជាវីដេអូប្រកាសតែម្តង ស្តីអំពីអំពើទុច្ចរិត ហើយបោកប្រាស់អាជ្ញាធរបារាំងថែមទៀត»៕

To Top