ព័ត៌មានជាតិ

ប.ស.ស. ចែករំលែក អំពីរបបសន្ដិសុខសង្គម ស្តីពី “ការលើកកម្ពស់ ការយល់ដឹង អំពីការងារសមរម្យ សម្រាប់កម្មករ ជាស្ត្រី ធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ”

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងប.ស.ស. បានផ្ដល់កិត្តិយសចែករំលែកចំណេះដឹង អំពីការអនុវត្ត របបសន្ដិសុខសង្គម កម្ពុជាបច្ចុប្បន្ន ដែលជាចំណេះដឹង ដ៏មានសារៈសំខាន់ ក្នុងការទទួលបានការគាំពារលើសុខុមាលភាព ជីវភាពរស់នៅ តាមរយៈការរក្សានូវសន្តិសុខប្រាក់ចំណូល របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសិក្ខាសាលាស្តីពី “ការលើកកម្ពស់ការយល់ដឹងអំពីការងារសមរម្យសម្រាប់កម្មករ ជាស្ត្រីធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួងកិច្ចការនារី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការជាតិ អន្តរជាតិ  សហព័ន្ធសហជីព និងសមាជិកក្រុមគោលដៅ ប្រមាណជាង ៨០នាក់។

សិក្ខាសាលាខាងលើនេះ  រៀបចំឡើងដោយក្រសួងកិច្ចការនារី ដោយទទួលបានការគាំទ្រពី អង្គការអាហ៊ូដា (APHEDA)  ប្រចាំនៅប្រទេសកម្ពុជា និងអង្គការ PACT (PACT CAMBODIA) ក្នុងគោលបំណងដើម្បីឱ្យសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) សហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) និងសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅបន្ថែមទៀត អំពីក្របខ័ណ្ឌ និងវិធានការផ្នែកគោលនយោបាយស្ដីពីកិច្ចគាំពារសង្គម ដែលផ្តល់អត្ថប្រយោជន៍ដល់ស្ត្រី ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងចែករំលែកពីបញ្ហារបស់ស្ត្រី ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិគ្រោះយោបល់ និងបញ្ជ្រាបការគាំទ្រ លើការលើកកម្ពស់និងបង្កើនឱកាសទទួលបាន ការងារសមរម្យ នៅក្នុងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ពិសេសការគាំទ្រពីភាគីពាក់ព័ន្ធសម្រួលដល់ស្ត្រី ក្នុងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ក្នុងការទទួលបានប័ណ្ណសមាជិក ប.ស.ស. ឬការគាំទ្រនានាពីក្របខ័ណ្ឌគាំពារសង្គម។

ក្នុងសិក្ខាសាលានាឱកាសនេះ  លោកបណ្ឌិតអគ្គនាយករង ក៏បានថ្លែងឡើង អំពីកិច្ចខិតខំប្រឹងប្រែងរបស់ ប.ស.ស. ក្នុងការលើកកម្ពស់ការយល់ដឹង អំពីការងារសមរម្យសម្រាប់កម្មករជាស្ត្រី ដែលកន្លងមកថ្នាក់ដឹកនាំ ប.ស.ស. បានផ្ដល់កិច្ចសម្ភាសន៍ និងចូលរួមក្នុងសិក្ខាសាលានានា ព្រមទាំងចុះផ្សព្វផ្សាយដោយផ្ទាល់ ដល់សហគ្រាស គ្រឹះស្ថាន ដែលជាកិច្ចការងារ ប.ស.ស. កំពុងអនុវត្តប្រចាំថ្ងៃ។ បន្ថែមពីនេះ ក៏នៅមានការផ្សព្វផ្សាយ នៅក្នុងប្រព័ន្ធបណ្ដាញសង្គម និងកម្មវិធី NSSF Member App ក្នុងនោះនៅពេលដែលបងប្អូនមានចម្ងល់ ឬបញ្ហាផ្សេងៗ អាចទាក់ទងមកកាន់ប្រព័ន្ធទូរស័ព្ទ Hotline ១២៨៦ ឬហ្វេសបុកផេក ឬតេលេក្រាមផ្លូវការរបស់ ប.ស.ស. ដែលមានក្រុមការងាររង់ចាំ ផ្ដល់នូវរាល់ចម្លើយដែលជាចម្ងល់ របស់បងប្អូនគ្រប់ពេលវេលា។

លោកបណ្ឌិតអគ្គនាយករង ក៏បានសម្ដែងនូវអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអង្គការជាតិ អន្តរជាតិ ដែលបានរួមចំណែក ខិតខំប្រឹងប្រែងរួមគ្នាសម្រេចបាន នូវលទ្ធផលជាផ្លែផ្កា គួរជាទីមោទកៈដល់ការអភិវឌ្ឍប្រព័ន្ធសន្ដិសុខសង្គមកម្ពុជា ដែលជាកន្លែងការពារសិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារ រួមទាំងការផ្តល់នូវសេវានានា ជូនបងប្អូនប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅ៕

To Top