ព័ត៌មានជាតិ

សម្តេចតេជោ ៖ គោលនយោបាយឈ្នះឈ្នះ មានការរួមចំណែក ពីអតីតមេកងពល ខ្មែរក្រហម៣រូប

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានយកវេទិកា ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះ ទៅការផ្ដួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត មិថុនា ១៩៧៧-២០ មិថុនា ២០២៣ ដែលមានសម្តេចផ្ទាល់ ជាមេដឹកនាំនោះថា គោលនយោបាយឈ្នះឈ្នះ ដែលសម្តេចបានដាក់ចេញ គឺមានការរួមចំណែក ពីអតីតមេកងពលខ្មែរក្រហម៣រូប ។

អតីតមេកងពលខ្មែរក្រហម ទាំង៣រូបនោះរួមមាន ៖ លោក អ៊ី ឈាន , លោក សុខ ភាព និងលោក កែវ ពង្ស ។ សព្វថ្ងៃពួកគាត់ទាំង៣រូប សុទ្ធតែមានតួនាទីជារដ្ឋលេខាធិការ ក្រសួងការពារជាតិដូចគ្នា ។

លោក អ៊ី ឈាន និងលោក សុខ ភាព ជាមេខ្មែរក្រហមប្រចាំតំបន់ម៉ាល័យ និងប៉ៃលិន ។ ចំណែកឯលោក កែវ ពង្ស ជាអតីតមេទ័ពខ្មែរក្រហម ។

ក្នុងចំណោមតួអង្គទាំង៣ ដែលសម្តេចបានលើកសរសើរនោះ គឺមានតែលោកអ៊ី ឈាន ប៉ុណ្ណោះដែលមានលោកស្រី បាន ស្រីមុំ ជាអភិបាលខេត្តប៉ៃលិនភរិយា ខណៈលោកបច្ចុប្បន្នក៏ជាប្រធាន ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ហាក់នៅតែមានឈ្មោះល្បី មនុស្សភាគច្រើនបានស្គាល់ ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍នាថ្ងៃខួប៤៦ឆ្នាំ នៃការចាកចេញទៅវៀតណាមតស៊ូរំដោះជាតិ នៅថ្ងៃ២០មិថុនានេះ នៅក្រសួងការពារជាតិថា នយោបាយឈ្នះ ឈ្នះ បានចាប់ផ្តើមដាក់ចេញ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៩៦ ហើយអនុវត្តនាថ្ងៃ១១ កុម្ភៈ ក្នុងឆ្នាំដដែល ដោយទទួលបាននូវសន្តិភាពទាំងស្រុងនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

សម្តេចតេជោបានឲ្យដឹងទៀតថា នាថ្ងៃ៧ កុម្ភៈ ក្នុងឆ្នាំ១៩៩៦ សម្តេចបានជួប លោក កែវ ពង្ស អតីតមេខ្មែរក្រហម ដែលឈរជើង នៅស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ រួចហើយចាប់អនុវត្តនយោបាយឈ្នះឈ្នះ តែម្តង បន្តបន្ទាប់មកគឺលោក អ៊ី ឈាន អតីតមេកងពល៤១៥ នៅប៉ៃលិន និងលោក សុខ ភាពអតីតមេកងពលខ្មែរក្រហម៥៤០ នៅម៉ាល័យ ខេត្តបន្ទាយមានជ័យ ។

សម្តេចបញ្ជាក់បន្ថែមថា “នយោបាយ ឈ្នះ ឈ្នះ មានការរួមចំណែកពីតួអង្គសំខាន់ៗ នៃអតីតមេកងពលខ្មែរក្រហម អ៊ី ឈាន , សុខ ភាព និងលោក កែវ ពង្ស” ៕

To Top