ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានពិភាក្សា រកដំណោះស្រាយ ជាមួយប្រជាពលរដ្ឋ រស់នៅបុរីវីអាយភី ក្រោយពី មានបុគ្គលមួយក្រុមបានចុះវាស់វែង និងបាញ់ថ្នាំទៅលើលំនៅឋាន ផ្ទះល្វែងរបស់ពួកគាត់ចំនួន៥ល្វែង នៅក្នុងបុរី vip ស្ថិតនៅភូមិម៉ឺន្ក្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ជាមួយនិងការបង្ខំឲ្យពួកគាត់ចាកចេញ។
ការពិភាក្សារកដំណោះស្រាយ របស់លោក ឃួង ស្រេង ជាមួយបងប្អូនប្រជាពលរដ្ឋ តំណាងឲ្យប្រជាពលរដ្ឋមានបញ្ហាជាមួយក្រុមហ៊ុនបុរី VIP ជាច្រើនរូប បានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យទី២៥ខែមិថុនា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។
ប្រជាពលរដ្ឋ រស់នៅផ្ទះល្វែងបុរីវីអាយភីប្រមាណ៥ល្វែងត្រូវបាន ជនមួយក្រុម ចុះទៅធ្វើការវាស់វែង លំនៅដ្ឋានរបស់ពួកគាត់និងបានបង្ខំឲ្យពួកគាត់ ចាកចេញពីបុរី វីអាយភីនេះ ។ ជុំវិញបញ្ហានេះប្រជាពលរដ្ឋ បាននាំគ្នាមកផ្តល់ដំណឹងជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានីជួយអន្តរាគមន៍ដោះស្រាយ ដោយសារតែវិមានវិវាទនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងព្យាយាមដោះស្រាយជាច្រើនលើកច្រើនសាររួចមកហើយនោះ ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ នៅព្រឹកថ្ងៃអាទិត្យទី២៥ មិថុនានេះ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម អភិបាលរាជធានីភ្នំពេញ បានចុះមកជួបផ្ទាល់ ជាមួយនឹងបងប្អូនប្រជាពលរដ្ឋនៅសាលារាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយជូនពួកគាត់។ជាលទ្ធផលលោកឃួង ស្រេងបានសម្រេច អនុញ្ញាតឲ្យប្រជាពលរដ្ឋ ដែលត្រូវគេវាស់វែងលំនៅដ្ឋាននិងបានបង្ខំឲ្យពួកគាត់ចាកចេញពីបុរីនោះ រស់នៅជាធម្មតាវិញ ដោយរងចាំ ការដោះស្រាយរបស់និយ័តករ អាជីវកម្ម អចលវត្ថុនិងបញ្ចាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងរដ្ឋបាលរាជធានីភ្នំពេញ៕






