ព័ត៌មានជាតិ

ព្រះមហាក្សត្រ អំពាវនាវ ដល់ប្រជាពលរដ្ឋ ចូលរួមដាំដើមឈើ

ភ្នំពេញ៖ ព្រះករុណាព្រះបាទ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ នាំគ្នាចូលរួមការពារព្រៃឈើ សត្វព្រៃ និងនាំគ្នាដាំដើមឈើ ជាអត្តសញ្ញាណជាតិ ដើម្បីទុកសម្រាប់កូនចៅជំនាន់ក្រោយ ដែលជាមរតកដ៏មានតម្លៃរបស់ជាតិ។

មានព្រះរាជបន្ទូលក្នុងព្រះរាជពិធី «រុក្ខាទិវា៩កក្កដាឆ្នាំ២០២៣» នៅក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ខែកក្កដាឆ្នាំ២០២៣​ អង្គ​ព្រះ​មហាក្សត្រ​ មានព្រះរាជបន្ទូលបន្តថា​ ប្រជាពលរដ្ឋកម្ពុជា បានយល់ច្បាស់ណាស់ ពីសារៈប្រយោជន៍ព្រៃឈើ គឺជាទ្រព្យសម្បត្តិរបស់ជាតិ ដែលមានតម្លៃដ៏មហាសាល សម្រាប់ជីវិតមនុស្ស និង សត្វនៅលើភពផែនដី។ ការបាត់បង់ព្រៃឈើ គ្រប់ប្រភេទអាចបណ្តាលឲ្យមានទឹកជំនន់ ខ្យល់ កន្ត្រាក់ រន្ទះនិងគ្រោះរាំងស្ងួត ដែលធ្វើឲ្យជាទីតម្កល់ទឹក សម្រាប់តម្រូវការបស់មនុស្ស និង សត្វត្រូវរីងស្ងួត និងឈានទៅរការបាត់បង់ព្រៃ សត្វព្រៃ គ្រប់ប្រភេទ និងជាឈានដល់បង្ករ ឲ្យមានភាពរហោស្ថាន និងការធ្លាក់ចុះគុណភាព ដីផងដែរ។

ព្រះអង្គ មានព្រះរាជបន្ទូលបន្ថែមថា ម្យ៉ាងទៀត ព្រៃឈើ មិនត្រឹមតែមានគុណតម្លៃសម្រាប់ខាងសេដ្ឋកិច្ច និងសង្គមប៉ុណ្ណោះ ថែមទាំងជួយរក្សាលំនឹងបរិយាកាស និងធាតុអាការបរិសុទ្ធ រក្សាប្រភពទឹកព្រមទាំងការពារទីជំរាល និងការពារជីវៈចម្រុះទៀតផង។

ព្រះករុណាមានព្រះបន្ទូលបញ្ជាក់ថា៖ «ស្ថិតក្នុងបរិបទនេះ ខ្ញុំព្រះករុណាសូមអំពាវនាវចំពោះព្រះសង្ឃ​ អាជ្ញាធរ ដែនដី ព្រះសង្ឃ និងបងប្អូនជនរួមជាតិ​ ទូទាំងប្រទេសសូមមេត្តាចូលរួមដាំដើម ឈើគ្រប់ប្រភេទ ឲ្យបានច្រើនដែលជាអត្តសញ្ញាណជាតិ យើងដូចជាដើមត្នោត ដើមគគី ដើមឈើទាល ល។ នៅទីវត្តអារាម ទីសារធាណៈ រមណីយដ្ឋាន ផ្លូវលំ តាមប្រឡាយ និងភូមិដ្ឋាននានា ដើម្បីបំពេញតម្រូវការក្នុងលំនៅដ្ឋាន»។
ជាមួយគ្នានោះដែរព្រះករុណា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមការពារព្រៃឈើ សត្វព្រៃ គ្រប់ប្រភេទដើម្បីធានា ធនធានព្រៃឈើ សម្រាប់កូនចៅជំនាន់ក្រោយៗទៀត និងជាពិសេសធ្វើកសិកម្មចម្រុះ នៅតាមសហគមន៍នីមួយៗ ឲ្យអស់លទ្ធភាព ទៅតាមសក្តានុព លប្រកបដោយភាពវ័យឆ្លាត ដោយមិនចាំតែពឹង តែអនុផលព្រៃ ឈើនោះឡើយ។

ក្នុងឱកាសនោះព្រះករុណា ក៏បានថ្លែអំណរគុណ ដល់អង្គការជាតិ អន្តរជាតិនានា ដែលបានចូលរួមយកចិត្តទុកដាក់ ក្នុងការងារដាំដើមឈើ ថែរក្សាធនធានព្រៃឈើ សត្វព្រៃ ក៏ដូចជាចូលរួមកស្តារសេដ្ឋកិច្ចសង្គមកម្ពុជា ទាំងអតីតកាលនិងអនាគត ដើម្បីឲ្យប្រទេសកម្ពុជាក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០៕

To Top