ភ្នំពេញ ៖ រដ្ឋបាលខេត្តមណ្ឌលគីរី បានប្រកាសផ្អាកជាបណ្តោះអាសន្នការធ្វើចរាចរយានយន្តគ្រប់ប្រភេទ នៅលើផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រលេខ៩៩ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី បន្ទាប់ពីទទួលរងនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំង បណ្តាលឲ្យមានការបាក់ស្រុតផ្លូវ។
តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តមណ្ឌលគីរី នាថ្ងៃ១ សីហា បានឲ្យដឹងថា «បន្ទាប់ពីទទួលរងនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំង នៅក្នុងខេត្តមណ្ឌលគិរី បានធ្វើឲ្យមានជំនន់ទឹកភ្លៀង ដោយទឹកបានហូរ ច្រោះបណ្តាលឲ្យមានការបាក់ស្រុតផ្លូវ និងដាច់ផ្លូវនៅចន្លោះ គីឡូម៉ែត្រលេខ៩១ ដល់ គីឡូម៉ែត្រលេខ៩៩ ផ្លូវជាតិ លេខ៧៦ ចន្លោះពីស្រុកអូររាំង ទៅស្រុកកែវសីមា (ចំណុចអូរងើយ) ដែលផ្លូវត្រូវបានកាត់ផ្តាច់ និងខូចទាំងស្រុងមិនអាចធ្វើដំណើរបានសម្រាប់មធ្យោបាយយានយន្តគ្រប់ប្រភេទ ។ ដូចនេះរដ្ឋបាលខេត្ត សូមធ្វើការបិទផ្អាកការធ្វើចរាចរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ សីហា នេះតទៅ រហូតដល់មានការជូនដំណឹងស្តីពីការ បើកឲ្យធ្វើចរាចរឡើងវិញ នាពេលខាងមុខ»។
រដ្ឋបាលខេត្តបន្ដថា ប្រសិនបើសាធារណៈជន ម្ចាស់យានយន្តដឹកទំនិញ និងអ្នកធ្វើដំណើរតាម មធ្យោបាយយានយន្តគ្រប់ប្រភេទ មានបំណងចង់ធ្វើដំណើរទៅរាជធានីភ្នំពេញ និងធ្វើដំណើរមកកាន់ខេត្តមណ្ឌលគិរី ត្រូវវាងឆ្លងកាត់តាមខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ៕