កំពង់ចាម ៖ ក្នុងពិធីសន្និបាតបូកសរុប ការងារបោះឆ្នោតជ្រើសរើស តំណាររាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ ធ្វើឡើងនៅថ្ងៃទី ៤ ខែសីហាឆ្នាំ ២០២៣ នៅសាលាខេត្តកំពង់ចាម អភិបាលខេត្ត លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ផ្អែកលើបទ ពិសោធន៍កន្លងមក និងការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ បានធ្វើឲ្យសន្តិសុខ ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ មានលក្ខណៈល្អប្រសើរ ។

លោក អ៊ុន ចាន់ដា បានបន្តថា សម្រាប់ ខេត្តកំពង់ចាម ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានលក្ខណៈ ល្អប្រសើរ ដោយពុំមានអំពើហិង្សា និងការគំរាមកំហែងខាងនយោបាយ ឬអ្នករងរបួសស្នាមពាក់ព័ន្ធដំណើរការបោះឆ្នោតនោះឡើយ ។ ទន្ទឹមនឹងភាពមមាញឹក បែងចែកកម្លាំងមានសមត្ថកិច្ច ដើម្បីរក្សាការពារសន្តិសុខបោះឆ្នោត រាជរដ្ឋាភិបាលកម្ពុជា ក៏មានការទទួលខុសត្រូវ ក្នុងការធានាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅ ក្នុងសង្គមសំដៅ ធានាប្រក្រតីភាព នៃជីវភាពសង្គមលើគ្រប់ផ្នែក ដើម្បីបង្កបរិយាកាស ដល់ប្រជាជនគ្រប់ៗរូប បានចូលរួមក្នុងដំណើរ ការបោះឆ្នោត ប្រកបដោយសុវត្ថិភាព និងគ្មានការភ័យខ្លាច ។

លោកអភិបាលខេត្ត បានយកឱកាសនោះ សម្តែងនូវការកោតសរសើរ ដល់សមាជិក សមាជិកានៃអង្គសន្និបាត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មេឃុំ ចៅសង្កាត់ ស្មៀន ឃុំ-សង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ រិៈរកចំណុចល្អដែលបានជួបប្រទះក្នុងការអនុវត្តការងារកន្លងមក យកមកពិភាក្សា យ៉ាងផុសផុល និងគ្រប់ជ្រុងជ្រោយ ដើម្បីជាគន្លឹះសម្រាប់ការរៀបចំការ បោះឆ្នោតលើកក្រោយៗទៀត នៅប្រទេសកម្ពុជា យើងទទួលបានលទ្ធផលល្អ ប្រសើរបន្តទៀត ៕


