ព័ត៌មានជាតិ

អ្នកវិភាគ ៖ មិនលឿនទេ ដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ចាត់តាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី

ភ្នំពេញ ៖ ភ្លាមៗនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យចាត់តាំងលោកបណ្ឌិតហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧នៃរដ្ឋសភា ។ ការចេញព្រះរាជក្រឹត្យពីព្រះប្រមុខរដ្ឋនេះ ត្រូវបានផ្សព្វផ្សាយ ក្នុងបណ្តាញតេឡេក្រាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីចាំផ្ទះ ។
សម្រាប់ព្រះរាជក្រឹត្យឡាយព្រះហស្តលេខា ដោយព្រះមហាក្សត្រ ក៏បានធ្វើឲ្យមានការភ្ញាក់ផ្អើលផងដែរ ប៉ុន្តែសម្រាប់ លោក គិន ភា ជាមន្រ្តីជាន់ខ្ពស់របស់រាជបណ្ឌិតសភាកម្ពុជា ដែលជាអ្នកវិភាគមួយរូប មានវោហាមិនចេះរីកស្ងួត បានបង្ហាញពីទស្សនៈថា មិនលឿននោះទេ សម្រាប់ការចេញព្រះក្រឹត្យនេះ ។

លោក គិន ភា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាប៉ុន្មានម៉ោងក្រោយ បន្ទាប់ពីការចេញព្រះ រាជក្រឹត្យរបស់ព្រះមហាក្សត្រថា ការចាត់តាំងនេះ ធ្វើឡើងទៅតាមច្បាប់ បានកំណត់ប៉ុណ្ណោះ ។ មួយទៀត គឺធ្វើតាមសំឡេងឆ្នោត ដែលប្រជាពលរដ្ឋជាអ្នកផ្តល់ ជូនតាមរយៈសន្លឹកឆ្នោត ដែលពួកគាត់ជ្រើសរើសពេញចិត្ត យកគណបក្សប្រជាជនកម្ពុជា ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែតតែម្តង ។

មន្រ្តីជាន់ខ្ពស់ របស់រាជបណ្ឌិតសភារូបនេះ បន្តថា “មែនទែនទៅការចេញព្រះរាជក្រឹត្យ តែងតាំងឥស្សិរជនមួយរូប នៅក្នុងគណបក្ស ដែលមាន សំឡេង ច្រើនជាងគេ ក្នុងរដ្ឋសភា ដើម្បីរៀបចំរាជរដ្ឋាភិបាលថ្មីនេះ ខ្ញុំគិតថា មិនមែនជាការលឿនទេ គឺជាការអនុវត្ត ទៅតាមនីតិវិធីច្បាប់តែប៉ុណ្ណោះ ពីព្រោះ យើងត្រូវដឹងថា ច្បាប់រដ្ឋធម្មនុញ្ញរបស់យើង គឺអនុញ្ញាតឲ្យគណបក្ស មានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា អាចស្នើទៅព្រះមហាក្សត្រ ដើម្បីលោកចាត់តាំងឥស្សិរជនមួយរូបដែលជាអ្នកតំណាងរាស្រ្តជាប់ឆ្នោតដើម្បីរៀបចំរាជរដ្ឋាភិបាល ចឹងគឺមិនមានមានការលឿន ឬខុសនីតិវិធីទេ”។

ប៉ុន្តែទោះបីជាយ៉ាងណា លោកបណ្ឌិត ហ៊ុន ម៉ាណែតមិនទាន់ពេញសិទ្ធិក្លាយជាអ្នកដឹកនាំរាជរដ្ឋាភិ បាលនៅឡើយទេ ។ នេះបើតាមលោក គិន ភាដដែល ។

លោកបានពន្យល់ពីការមិនទាន់ពេញសិទ្ធិទៀតថា ព្រោះនៅមាននីតិវិធីជាច្រើនបន្តបន្ទាប់ទៀត ខណៈរដ្ឋសភានឹងកោះប្រជុំជាលើកទី១ នាថ្ងៃ២១ សីហាខាងមុខ ដើម្បីរៀបចំអង្គការ ចាត់តាំងសភា ហើយនៅពេលរដ្ឋសភា លេចចេញជារូបរាងហើយ ទើបលោកបណ្ឌិតហ៊ុន ម៉ាណែត យកសមាសភាព គណៈរដ្ឋមន្រ្តី ទាំងមូលទៅស្នើសូមសេចក្តីទុកចិត្ត យល់ព្រមពីរដ្ឋសភា ពេលនោះព្រះមហាក្សត្រ នឹងចេញព្រះរាជក្រឹត្យតែងតាំង រាជរដ្ឋាភិបាល ទាំងមូល ហើយនឹងស្បថចូល កាន់តំណែងទើបគេហៅថា រដ្ឋាភិបាលថ្មីបានបង្កើតឡើងពេញលក្ខណៈច្បាប់ និងចូលបម្រើ ការងារ របស់ខ្លួនបាន ៕

To Top