ភ្នំពេញ ៖ លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ភាពជោគជ័យ នៃដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺជាសមិទ្ធផលថ្មីមួយទៀត នៃលទ្ធិប្រជាធិបតេយ្យ និងការកែទម្រង់ការបោះឆ្នោត នៅកម្ពុជា។
ក្នុងពិធីសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅខេត្តបាត់ដំបង នាថ្ងៃទី១៤ សីហា លោក ប្រាជ្ញា ចន្ទ ប្រធាន គ.ជ.ប បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីមជ្ឈដ្ឋានទូទៅទាំងជាតិ និងអន្តរជាតិ និងជាមោទនភាពដែលកម្ពុជាមានចំនួនអ្នកចូលរួមបោះឆ្នោតរហូតដល់ទៅ ៨៤.៥៩% ស្ថិតក្នុងចំណោមប្រទេសទាំង២០ ដែលមានចំនួនអ្នកបោះឆ្នោតច្រើនបំផុត ខណៈប្រទេសមហាអំណាចប្រជាធិបតេយ្យមួយចំនួន មានអ្នកទៅ បោះឆ្នោតពី ៥០% ទៅ ៧០% ប៉ុណ្ណោះ។
លោក ប្រធាន បន្ដថា តាមការស្រាវជ្រាវក្នុងចន្លោះពី ២០ ទៅ ៣០ ឆ្នាំចុងក្រោយនេះ ចំនួនអ្នកចេញទៅបោះឆ្នោតមានការធ្លាក់ចុះ ខណៈប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាទូទៅ នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងអង្គការសង្កេតការណ៍បោះឆ្នោតជាតិភាគច្រើនបានចេញ សេចក្ដីថ្លែងការណ៍កោតសរសើរ និងគាំទ្រការបោះឆ្នោត។
លោក ប្រធាន បន្ថែមថា ប្រតិភូសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ក៏បានវាយតម្លៃខ្ពស់ចំពោះដំណើរការនៃការរៀបចំការបោះឆ្នោត និងជាពិសេស ពីបរិយាកាសល្អប្រសើរនៃការបោះឆ្នោត ដោយលើកឡើងជាអាទិ៍ថា «ការបោះឆ្នោតនៅកម្ពុជា ធ្វើឡើង ប្រកបដោយសុវត្ថិភាព ឯករាជ្យ មិនលម្អៀង មានវិជ្ជាជីវៈ តម្លាភាព ស្របតាមស្ដង់ដាអន្តរជាតិ, ការបោះឆ្នោតសកលឆ្នាំ២០២៣ ប្រព្រឹត្តទៅមានតម្លាភាព សន្តិភាព សេរី និងយុត្តិធម៌ និងការរាប់ សន្លឹកឆ្នោតដោយដៃ មានលំដាប់លំដោយ ហើយការបញ្ជួនលទ្ធផលពីការិយាល័យបោះឆ្នោត មក គណៈកម្មការរៀបចំការបោះឆ្នោតតាមលំដាប់ថ្នាក់ និងតាមប្រព័ន្ធអេឡិចត្រូនិក បញ្ជាក់អំពីតម្លាភាព យ៉ាងខ្លាំង គួរឱ្យទុកចិត្តបាន»។
លោក ប្រធាន គ.ជ.ប គូសបញ្ជាក់ថា «កត្តាទាំងនេះហើយជាសូចនាករ បង្ហាញពីជោគជ័យនៃដំណើរការ រៀបចំការបោះឆ្នោត និងជាសមិទ្ធផលថ្មីមួយទៀតនៃលទ្ធិប្រជាធិបតេយ្យ និងការកែទម្រង់ការបោះឆ្នោត នៅកម្ពុជា»។
សូមរំលឹកថា ការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានមតិជាតិ និងអន្តរជាតិ វាយតម្លៃថា បានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ប្រកបដោយភាពរលូន តម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយត្រូវបានរៀបចំកាន់តែល្អប្រសើរឡើង ទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស បើប្រៀបធៀបនឹងការបោះឆ្នោតមុនៗ៕


