សេអ៊ូល៖ សមាជិកសភាកូរ៉េខាងត្បូងម្នាក់បានឲ្យដឹងថា ទីភ្នាក់ងារចារកម្មរបស់ប្រទេសបានជូនដំណឹងដល់គណៈកម្មាធិការមួយកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើង កំពុងរៀបចំការបង្កហេតុ រួមទាំងការបាញ់មីស៊ីលឆ្លងទ្វីប ICBM ដើម្បីប្រឆាំងនៅឯកិច្ចប្រជុំកំពូលនាពេលខាងមុខរវាងមេដឹកនាំកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក។
សេវាស៊ើបការណ៍សម្ងាត់ជាតិបានប្រាប់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់សភាកូរ៉េខាងត្បូងថា ការបង្កហេតុផ្សេងៗកំពុងត្រូវបានរៀបចំឡើងដោយកូរ៉េខាងជើង ដើម្បីឆ្លើយតបទាំងកិច្ចប្រជុំកំពូល និងការរួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក និងសមយុទ្ធយោធា នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ នេះបើយោងតាមសមាជិកសភាគណបក្សអំណាចប្រជាជន ដែលកំពុងកាន់អំណាច។
កិច្ចប្រជុំកំពូលត្រីភាគីនឹងត្រូវបានធ្វើជាម្ចាស់ផ្ទះនៅថ្ងៃសុក្រដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា ចូលរួម។ វានឹងត្រូវបានប្រារព្ធធ្វើនៅជំរុំប្រធានាធិបតី Camp David ក្បែរក្រុងវ៉ាស៊ីនតោន៕
ប្រែសម្រួល ឈូក បូរ៉ា