ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ អះអាងថា រោងចក្រនៅកំពង់ស្ពឺ ត្រូវការកម្លាំងពលកម្ម ៤ពាន់នាក់បន្ថែម ខណៈកម្មករសរុប មានជាង១៤ម៉ឺននាក់

រូបភាពក្រសួងការងារ

ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ទី៩ ខែកញ្ញានេះ បានថ្លែងថា ក្នុងរយៈពេល ៨ខែដើមឆ្នាំ ២០២៣នេះ រោងចក្រនៅខេត្តកំពង់ស្ពឺ កំពុងត្រូវការកម្មករ ប្រមាណ៤ពាន់នាក់ បន្ថែមក្នុង ខណៈដែលវិស័យសេដ្ឋកិច្ចទាំងមូល មានឱកាសប្រមាណ១ម៉ឺន៧ពាន់កន្លែង បន្ថែមទៀត។

ថ្លែងនៅចំពោះមុខកម្មករជិត ២ម៉ឺននាក់ ក្នុងខេត្តកំពង់ស្ពឺ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ “យោងតាមរបាយការណ៍ តម្រូវការកម្លាំងពលកម្ម ដែលទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទូទាំងប្រទេស មានតម្រូវការកម្លាំង ពលកម្មថ្មីប្រមាណ ១ម៉ឺន៧ពាន់នាក់ ហើយសម្រាប់នៅខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មថ្មីប្រមាណ ៤ពាន់នាក់” ។

លោករដ្ឋមន្ត្រីក្រសួងការងារ បានរំលឹកឱ្យដឹងថា បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ មានកម្មករនិយោជិត កំពុងបម្រើការងារសរុបជាង ១៥ម៉ឺននាក់ ដែលផ្តល់ចំណូលគិតជាប្រាក់ឈ្នួលសរុបប្រមាណ ៤៧០លានដុល្លារក្នុងមួយឆ្នាំៗ នៅតាម រោងចក្រ-សហគ្រាស ចំនួន ៣៨៥ ដែលក្នុងនោះ គ្រាន់តែវិស័យកាត់ដេរ មួយមុខ មានចំនួន១៩១ និងប្រើកម្លាំងកម្មករនិយោជិតសរុបជិត ១៤ម៉ឺននាក់ ផ្តល់ប្រាក់ឈ្នួលសរុបជាង ៤៣០លានដុល្លារ ក្នុងមួយឆ្នាំ។ ក្នុងនោះខេត្តដ៏មានសក្តានុពលមួយនេះ គឺជាខេត្តលំដាប់ទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាង គេបន្ទាប់ពីរាជធានីភ្នំពេញ ។
ការបញ្ជាក់ពីកំណើនការងារ របស់កម្ពុជានេះ នៅស្របពេលដែលមានភាព មិនច្បាស់លាស នៃសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក ដែលកំពុងញ៉ាំញីដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងវិបត្តិដែលដរចេញពីវិបត្តិសកលកូវីដ១៩ ។ គិតត្រឹម៦ខែដើមឆ្នាំ២០២៣នេះ អង្គការរូបិយប័ណ្ណពិភពលោក (IMF) បានចុះផ្សាយថា កំណើនសេដ្ឋកិច្ចសកល ត្រូវបានគេព្យាករណ៏ថា នឹងថយចុះពី ៣.៥% នៅឆ្នាំ២០២២ មកត្រឹម ៣.០% សម្រាប់ឆ្នាំ២០២៣ និង២០២៤។ ទន្ទឹមនឹងនេះកំណើនសេដ្ឋកិច្ចអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏ត្រូវបានព្យាករណ៏ថាធ្លាក់ចុះដូចគ្នា។

ដោយឡែកការនាំចូល ផលិតផលវាយន ភណ្ឌ សំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប បានធ្លាក់ចុះ ៤៣,៦ពាន់លានដុល្លារ អាមេរិកនៅត្រីមាសទី៣ ឆ្នាំ២០២២ មកត្រឹម ២៩,៤ពាន់លានដុល្លារអាមេរិកមកនៅត្រីមាសទី១ ឆ្នាំ ២០២៣ ដែលចំនួននេះគឺធ្លាក់ចុះប្រមាណ ៣២,៤%។ សម្រាប់អឺរ៉ុប របាយការណ៏របស់ Eurostat បញ្ជាក់ថា ការនាំចូលផលិតផលវាយនភណ្ឌ សំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបចូលមកអឺរ៉ុបគឺបានថយចុះប្រមាណពី ៤១,៦ពាន់លានអឺរ៉ូ នៅត្រីមាសទី៣ ឆ្នាំ២០២២ មកត្រឹម ៣១,៦ពាន់លានអឺរ៉ូ នៅត្រីមាសទី១ ឆ្នាំ២០២៣ ពោលគឺថយចុះប្រមាណ ២៤% ។

យ៉ាងណាក៏ដោយ បើទោះបីនិន្នាការពិភពលោក មានការធ្លាក់ចុះមែន ប៉ុន្តែកំណើនការងារ ធ្វើនៅកម្ពុជានេះ គឺជាសញ្ញាណល្អ សម្រាប់កម្ពុជា ដែលរដ្ឋាភិបាល បានប្រឹងប្រែងដាក់ចេញវិធានការ ជាច្រើនដើម្បីធានាលំនឹងទីផ្សារនិងសេដ្ឋកិច្ច ដើម្បីរក្សាចំណូលជូនប្រជាជន ៕

To Top