ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួង ព័ត៌មាន អនុញ្ញាត ឱ្យកញ្ញា Yao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាព កម្ពុជាចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០២៣ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យកញ្ញា Yao Shiya ប្រធានគ្រប់គ្រង វិទ្យុមិត្តភាពកម្ពុជាចិន ប្រចាំនៅរាជធានីភ្នំពេញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងព័ត៌មាន ។
ជាកិច្ចចាប់ផ្តើមកញ្ញា Yao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាព កម្ពុជាចិន បានគោរពជម្រាបជូន លោករដ្ឋមន្រ្តីក្រសួងព័ត៌មានថា វិទ្យុមិត្តភាពកម្ពុជាចិន បានចាប់ផ្តើមផ្សាយសំឡេង ជាផ្លូវការនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៨ គឺជាផ្នែកមួយ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ហើយក៏ជាសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការ រវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និង អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅក្រោមការអនុញ្ញាត ពីក្រសួងព័ត៌មានកម្ពុជាផងដែរ ។

កញ្ញាបន្តថា អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិនភាសាអង់គ្លេស ហៅថា China Media Group(CMG) គឺជាប្រព័ន្ធផ្សព្វផ្សាយ ដ៏មានទ្រង់ទ្រាយធំ បំផុតមួយក្នុង ពិភពលោក ដែលរួមទាំង CCTV និង CGTN ជាដើម បានទាក់ទាញប្រិយមិត្ត តាមដានជាប្រចាំ ជាជនជាតិចិនជាង១.៤ពាន់លាននាក់ និងប្រិយមិត្តអន្តរជាតិ តាមដានជាប្រចាំរាប់ពាន់លាននាក់ ។

កញ្ញាYao Shiyaបានបន្តថា វិទ្យុមិត្តភាពកម្ពុជាចិន បានផ្សាយជូនជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃទីអាទិត្យ ចាប់ពីវេលាម៉ោង៦ព្រឹក រហូតដល់ម៉ោង១២អធ្រាត្រ ដែលមានរយៈពេលផ្សាយ គឺ១៨ម៉ោងក្នុងមួយថ្ងៃ តាមរយៈរលកអាកាសFM96.5MHz នៅរាជធានីភ្នំពេញ និងFM105MHz នៅខេត្តសៀមរាប ។

ទន្ទឹមនឹងនោះ វិទ្យុមិត្តភាពកម្ពុជាចិន ក៏មានរាយការណ៍ព័ត៌មាន របស់ខ្លួនដែលផលិតបាន និងវីដេអូ ក្រាហ្វិកផ្សាយតាមរយៈគេហទំព័រ cambodian.cri.cn និងគណនីហ្វេសប៊ុក ccfr របស់ខ្លួនផងដែរ ដែលកំពុងតែទទួលបាននូវការពេញនិយម និងជាទីស្រឡាញ់ពេញចិត្ត របស់ប្រជាជនកម្ពុជាយ៉ាងច្រើន។ វិទ្យុមិត្តភាពកម្ពុជា ចិន បង្កើតឡើងក្នុងគោលបំណង ផ្សព្វផ្សាយព័ត៌មាន ជំរុញការស្វែងយល់គ្នាទៅវិញទៅមក និងរឹតចំណងមិត្តភាព ដែលមានប្រវត្តិដ៏ យូរអង្វែងមកហើយ នោះឱ្យកាន់តែស៊ីជម្រៅ ក្នុងអត្ថន័យបញ្ជូននូវ មនោសញ្ចេតនា មេត្រីភាព និងមិត្តភាពរបស់ប្រជាជាតិចិន ទៅដល់ប្រិយមិត្ត អ្នកស្ដាប់កម្ពុជា ដោយមិនស្វែងរកប្រាក់ចំណេញ។ ខ្លឹមសារនៃការផ្សាយរួមមាន ព័ត៌មានថ្មីៗសំខាន់ៗជុំវិញកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា ព័ត៌មាន ជាតិនិងអន្តរជាតិ បទវិភាគប្រចាំថ្ងៃអំពីព្រឹត្តិការណ៍បច្ចុប្បន្នភាព ដោយវាគ្មិនល្បីៗ ការបង្រៀនភាសាចិន ការអប់រំ តន្ត្រីបន្ធូរអារម្មណ៍ និងចំណេះដឹង ទូទៅល្អៗ …ដែលមានចំនួន១០កម្មវិធីផ្សាយ ដូចជា៖ កម្មវិធីអរុណសួស្តីព័ត៌មាន ជីវិតទាន់សម័យ នីហាវកម្ពុជាចិន ១០០នាទីនៃភាសារចិន វិភាគព័ត៌មាន ថ្ងៃនេះ និងកម្មវិធីពីនេះពីនោះពីប្រទេសចិន (សហការជាមួយវិទ្យុជាតិកម្ពុជា) និងកម្មវិធីផ្តល់នូវចំណេះដឹង ការអប់រំ និងភាពសប្បាយរីករាយច្រើនទៀត ។
ហើយថ្មីៗនេះ យើងក៏មានបង្កើតកម្មវិធីចំនួនពីរបន្ថែមទៀត សម្រាប់ផ្សព្វផ្សាយនៅលើផេកផ្លូវការ របស់វិទ្យុមិត្តភាពកម្ពុជាចិន (CCFR) ដូចជា កម្មវិធី សូមយ៉ាយ៉ាឆ្លើយ និង កម្មវិធីជជែកជាមួយភ្ញៀវយុវជន ដែលផ្តល់ឱកាសឱ្យយុវជនវ័យក្មេង តាមក្រសួងស្ថាប័ន មន្ទីរ ក្រុមហ៊ុនសហគ្រាស ចូលរួមជាភ្ញៀវ កិត្តិយស ដើម្បីផ្តាស់ប្តូរមតិយោបល់ជុំវិញវិញ ប្រធានបទក្តៅ និងសារៈសំខាន់នានាពេលបញ្ចុប្បន្ននេះ ។ ក្រៅពីនោះ វិទ្យុមិត្តភាពកម្ពុជាចិន ក៏បានផលិត និងរៀបចំព្រឹត្តិការណ៍សំខាន់ៗដូចជា ៖ ស្នាមញញ្ញឹមកម្ពុជា ដំណើរការថ្មីនៃប្រទេសចិន ប្រទេសចិនដ៏ស្រស់ស្អាតជាដើម ។

ជាមួយគ្នានេះដែរ កញ្ញា ប្រធានគ្រប់គ្រង វិទ្យុមិត្តភាពកម្ពុជាចិន ក៏បានជម្រាប ជូនលោករដ្ឋមន្ត្រីថា នៅក្នុងឱកាសនៃពិធីបុណ្យ សែននំព្រះខែ ដែលជា ពិធីបុណ្យ ប្រពៃណី របស់ជនជាតិចិន ដែលនឹងឈានចូលមក ដល់ក្នុងពេលឆាប់ៗ នេះ តំណាងឱ្យវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន(CMG) កញ្ញាបានគោរពជូនពរ ដល់លោករដ្ឋមន្ត្រី និងមន្ត្រីរាជការក្រសួងព័ត៌មាន ឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា និងទទួលបានជោគជ័យថ្មីបន្ថែមទៀតក្នុងកិច្ចការងារបម្រើជាតិមាតុភូមិ ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ ។

លោកនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបង្ហាញការគាំទ្រ ចំពោះដំណើរការផ្សព្វផ្សាយ របស់វិទ្យុមិត្តភាពកម្ពុជាចិន ព្រោះនេះជាផ្នែកមួយជួយ ប្រជាជនកម្ពុជាបានយល់បន្ថែមពីប្រពៃណីវប្បធម៌របស់ចិន ហើយចិនក៏បានយល់ពីវប្បធម៌ របស់កម្ពុជាវិញផងដែរ ។
លោករដ្ឋមន្ត្រី បានអនុញ្ញាត និងលើកទឹកចិត្តឱ្យវិទ្យុមិត្តភាពកម្ពុជា ពង្រីកការផ្សាយ របស់ខ្លួនតាមរយៈAPPក្រសួងព័ត៌មាន និងទីភ្នាក់ងារសារ ព័ត៌មានកម្ពុជា (AKP) បន្ថែមលើកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ជាមួយអគ្គនាយកដ្ឋាន វិទ្យុជាតិកម្ពុជា និងអគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា នាពេលបច្ចុប្បន្ន ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ និងសម្បូរបែបដល់ប្រជាពលរដ្ឋទាំង ក្នុងនិងក្រៅប្រទេសថែមទៀត។ ម៉្យាវិញទៀត ការផ្សព្វផ្សាយជាមួយបណ្តាញព័ត៌មាន របស់ក្រសួងព័ត៌មាននេះ ក៏ជាការជំរុញនូវកិច្ចសប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់រាជដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលចិន ឱ្យកាន់តែស៊ីជម្រៅ ជាពិសេសយុទ្ធសាស្រ្តខ្សែ ក្រវាត់និងផ្លូវ ដែលជាគម្រោងផ្តួចផ្តើមឡើង ដោយប្រទេសចិន ហើយផ្តល់ផលប្រយោជន៍ ដល់បណ្តាប្រទេសក្នុងតំបន់ ។

ជុំវិញការងារនេះ លោករដ្ឋមន្ត្រីលើកទឹកចិត្តឱ្យប្រធានវិទ្យុមិត្តភាពកម្ពុជាចិន ធ្វើការជាមួយលោក ហួត ឃៀងវេង រដ្ឋលេខាធិការ ទទួលបន្ទុកប្រធាន APP ក្រសួងព័ត៌មានបន្ថែមទៀត ដើម្បីបានដឹងពីបច្ចេកទេសផ្សព្វផ្សាយ ដើម្បីឱ្យអ្នកមើល អ្នកស្តាប់ចូលក្នុងAPPក្រសួងព័ត៌មាន ក៏អាចចូលស្តាប់ និងទស្សនាវិទ្យុមិត្តភាពកម្ពុជាចិនផងដែរ ។

ជាមួយគ្នានេះ លោកបានស្នើឱ្យវិទ្យុមិត្តភាពកម្ពុជាចិន ជួយបង្កើនការផ្សព្វផ្សាយពីប្រទេសកម្ពុជាឱ្យបានច្រើន ជាពិសេសកិច្ចសហប្រតិប្រតិបត្តិការ រវាងកម្ពុជា និងចិន ទាក់ទងទៅនឹងសក្តានុពលទេសចរណ៍ ។ មួយវិញទៀត ការផ្សព្វផ្សាយនេះ នឹង ជំរុញឱ្យប្រជាជន នៃប្រទេសយើងទាំងពីកាន់ តែបានស្វែងយល់ពីវប្បធម៌ អរិយធម៌ វិស័យសេដ្ឋកិច្ចគ្នាទៅវិញទៅមកផងដែរ ព្រោះចិននិងកម្ពុជាគឺជាមិត្តដែកថែប ។

លោករដ្ឋមន្ត្រី ក៏បានគាំទ្រចំពោះព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ ដែលបានរៀបចំនៅទីក្រុងហាងចូវប្រទេសចិន ដោយលោកបានបញ្ជាក់ថា បណ្តាញព័ត៌មានរដ្ឋមានវិទ្យុជាតិAKP ទទក APPក្រសួងព័ត៌មាន និងបណ្តាញព័ត៌មាន ក្នុងស្រុកបានចូលរួមផ្សព្វផ្សាយផងដែរ ។ ទៅថ្ងៃអនាគតក្រសួងព័ត៌មាននឹងសុំការគាំទ្រពីភាគីចិនក្នុងការចូលរួមយកព័ត៌មាននេះ នៅប្រទេសចិន ។
ជាមួយគ្នានេះ លោកក៏បានជូនពរដល់ដល់ព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យ និងនាំមកនូវកិត្តិយសសម្រាប់ប្រទេសចិន ក៏ដូចជាបណ្តាប្រទេសនៅអាស៊ី ដែលបានចូលរួមប្រកួតរួមទាំងកម្ពុជាផងដែរ ។

ជាចុងក្រោយលោករដ្ឋមន្ត្រីបានបញ្ជាក់ជំហរថា ក្រសួងព័ត៌មានបន្តគាំទ្រ នឹងត្រៀមធ្វើកិច្ចសហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំវិទ្យុមិត្តភាពកម្ពុជាចិន ដើម្បីធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយកម្ពុជាចិន កាន់តែមានការរីកចម្រើន បម្រើផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរទាំងពេលបច្ចុប្បន្ន និងនៅថ្ងៃអនាគត ៕ អត្ថបទ និងរូបភាព ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top