ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ទៅលោក ដូមីនិច វីល្លៀម(Dominic Williams) ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជាថា ទោះបីកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-អង់គ្លេស គឺមិនប្រែប្រួល នោះទេ ខណៈកម្ពុជា-អង់គ្លេសមានទំនាក់ទំនងការទូត៧០ឆ្នាំ។
នេះជាការលើកឡើងរបស់សម្តេចធិបតី ទៅកាន់ឯកអគ្គរាជទូតអង់គ្លេស នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្នុងឱកាសសម្តេចបានទទួលជួបសម្ដែងការគួរសមជាមួយ។
ក្នុងជំនួបនេះ លោក ដូមីនិច វីល្លៀម ក៏បានអបអរសាទរចំពោះខួបលើកទី៧០ នៃចំណងការទូតកម្ពុជា-អង់គ្លេស ស្របពេលដែលទំនាក់ទំនង រវាងប្រទេសទាំងពីរ កំពុងមានការរីកចម្រើនលើគ្រប់វិស័យ ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៣នេះ ក្នុងវិស័យអប់រំ គឺមានសាលារៀនរបស់អង់គ្លេស ចំនួន៣កន្លែង ក្នុងនេះមានសាកលវិទ្យាល័យចំនួន១កន្លែង ត្រូវបានបើកដំណើរការ ។
លើសពីនេះ កម្ពុជា-អង់គ្លេស ក៏បានចាប់ផ្តើមដំណើរ គម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (Developing Countries Trading Scheme – DCTS) ប្រកបដោយជោគជ័យ ដែលជាប្រព័ន្ធអនុគ្រោះពន្ធថ្មីមួយ ជំនួសឲ្យប្រព័ន្ធអនុគ្រោះពន្ធទូទៅ (Generalized Scheme of Preferences – GSP) បន្ទាប់ពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលអង់គ្លេស នៅក៏នៅតែបេ្តជ្ញាបន្តគាំទ្រ ការបោសសម្អាតមីននៅកម្ពុជា រហូតដល់ឆ្នាំ២០២៥ ។
ក្នុងនោះដែរ ភាគីទាំងពីរ ក៏បានស្នើឲ្យមានការពិនិត្យលទ្ធភាព នៃកិច្ចសហប្រតិបត្តិការ លើវិស័យចំនួនពីរ នៅក្នុងយុទ្ធសាស្ត្របញ្ចាកោណ ពោលគឺវិស័យសេដ្ឋកិច្ចបៃតង និងវិស័យថាមពលកកើតទ្បើងវិញ ហើយក៏បានបង្ហាញក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការកម្ពុជា-អង់គ្លេស នឹងកាន់តែរីកចម្រើនទ្បើងថែមទៀតនៅគ្រប់ផ្នែក និងគ្រប់វិស័យ រួមទាំងផ្នែកនយោបាយផងដែរ ។
ជាការឆ្លើយតប សម្តេចធិបតី បានស្នើសុំចក្រភពអង់គ្លេស ពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មពីកម្ពុជាបន្ថែមពីលើការនាំចូលផលិតផលវាយនភណ្ឌ និងផលិតផលស្បែកជើង ។
ជានេះទៅទៀត សម្តេចធិបតីក៏បានគូសបញ្ជាក់ ជំហរគាំទ្ររបស់កម្ពុជា លើវិស័យសេដ្ឋកិច្ចបៃតង និងថាមពលកកើតទ្បើងវិញ ព្រមទាំងសាទរចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទសទាំងពីរ លើវិស័យទាំងនេះនាពេលខាងមុខ ។ មួយវិញទៀត សម្តេចធិបតី ក៏បានបង្ហាញក្តីរំពឹងថា កិច្ចសហប្រតិបត្តិការកម្ពុជា-អង់គ្លេស នឹងបន្តរុងរឿងទ្បើងថែមទៀត លើគ្រប់វិស័យ ជាពិសេសលើវិស័យពាណិជ្ជកម្ម ដែលនឹងអនុញ្ញាតឲ្យកម្ពុជា អាចពង្រីកទីផ្សារថ្មីៗបន្ថែមទៀត លើមុខទំនិញនាំចេញទៅកាន់ចក្រភពអង់គ្លេស ។ ចំពោះវិស័យការពារជាតិវិញ សម្តេចធិបតី ក៏រំពឹងផងដែរថា នឹងមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ទាំងលើការងារហ្វឹកហ្វឺន, ការធ្វើលំហាត់រួម និងការចូលចតនាវា ជាដើម ។
ចំណុចដូចរៀបរាប់ខាងលើនេះ សម្តេចនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា “ទោះបីកម្ពុជាមានរាជរដ្ឋាភិបាល ថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-អង់គ្លេស គឺមិនប្រែប្រួលឡើយ” ៕