ព័ត៌មានជាតិ

សម្ដេចតេជោ ចំអកឱ្យក្រុមប្រឆាំង ដែលវាយតម្លៃខុសថា​ ហ៊ុន សែន មិនហ៊ានចុះចេញពីអំណាច

រូបភាពពី៖​ SHS MEDIA

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចំអកឱ្យក្រុមប្រឆាំងដែលវាយតម្លៃខុសថា សម្ដេចមិនហ៊ានចុះចេញពីតំណែងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈការចុះចេញពីតំណែងរបស់សម្ដេចគឺជាការលះបង់ដើម្បីប្រជាជនកម្ពុជា។

ក្នុងពិធីបិទបញ្ចប់កញ្ចក់កាំមេរ៉ាថតខ្សែភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” ដែលធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាសម្ដេចចុះចេញពីតំណែង គឺជាការលះបង់ដើម្បីប្រជាជនកម្ពុជាបានរស់នៅក្នុងសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា «ខ្ញុំអាចនិយាយបានថា ការលះបង់របស់ខ្ញុំ គឺជាការលះបង់ដើម្បីប្រជាជនកម្ពុជា រស់នៅក្នុងសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។ វាមិនមែនបញ្ហាហ៊ុន ម៉ាណែតតែម្នាក់ទេ ឥឡូវរដ្ឋមន្រ្តីក្មេងៗ គេកំពុងតែកាន់ការរបស់គេយ៉ាងខ្ជាប់ខ្ជួន»។

សម្ដេចតេជោ បានថ្លែងបន្ថែមថា ទោះបីសម្ដេចចុះចេញពីតំណែងជានាយករដ្ឋមន្រ្តីប៉ុន្តែសម្ដេចនៅតែបន្តមានឥទ្ធិពលលើនយោបាយក្នុងប្រទេសកម្ពុជា ។

សម្ដេចតេជោ សង្កត់ធ្ងន់ថា«ខ្ញុំក៏បញ្ជូនសារទៅឱ្យក្រុមប្រឆាំងទាំងឡាយបានភ្លឺភ្នែក អ្នកទាំងឡាយពេលនោះវាយតម្លៃថាហ៊ុន សែន មិនហ៊ានចុះចេញពីអំណាចទេ ក៏ប៉ុន្តែអ្នកស្គាល់ហ៊ុន សែន តិចពេកហើយ!អ្នកត្រូវរៀនសូត្រពី ហ៊ុន សែនបន្ថែមទៀតព្រោះហ៊ុន សែន ហោចណាស់ក៏រស់បាន៣០ឆ្នាំទៀតដែរ ហើយហ៊ុន សែនក៏នៅតែមានឥទ្ធិពលនយោបាយនៅក្នុងប្រទេសកម្ពុជា»៕

To Top