ព័ត៌មានជាតិ

សន្តិភាព គឺជាមូលដ្ឋានគ្រឹះ នៃសិទ្ធិសេរីភាព របស់មនុស្សជាតិ-សង្គម

ភ្នំពេញ ៖ ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះគឺជាព្រឹត្តិការណ៍ខួបលើកទី៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។ ព្រឹត្តិការណ៍នេះត្រូវបានផ្ដួចផ្ដើមឡើងដោយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្ដេចតេជោ ហ៊ុន សែន ក្នុងគោលបំណងស្វែងរកសន្តិភាព ចាកផុតចេញពីសង្គ្រាម និងជម្លោះរ៉ាំរ៉ៃជាង៥០០ឆ្នាំ ជូនដល់ជាតិមាតុភូមិ និងប្រជាជាតិទាំងមូល ។

សម្រាប់ខួបឆ្នាំនេះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាថ្មីលើកឡើងដោយភ្ជាប់ទៅនឹងពាក្យស្លោក សម្រាប់អបអរសាទរខួបទី ៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសន្តិភាពថា “សន្តិភាព គឺជាមូលដ្ឋានគ្រឹះ នៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម” ។

ក្នុងដំណើរស្វែងរកសន្តិភាពនេះ សម្តេចធិបតីបន្តថា មហារដ្ឋបុរសមួយអង្គ និងបុរសមួយរូប បានពូនជ្រុំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធីក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍន៍ជាតិឲ្យរីកចម្រើនគ្រប់វិស័យ។

ចំណែក សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជាវិញដែលជាស្ថាបនិកមួយរូបខិតខំប្រឹងប្រែងស្វែងរកសន្តិភាព ក៏បានលើកឡើងដែរថា ៣២ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន ៖ សម្តេចតេជោ ហ៊ុន សែន តំណាងឲ្យរដ្ឋាភិបាលកម្ពុជា , ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ , រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សី មកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) ផងដែរ បានចរចាស្វែរកសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។

សម្តេចបានរៀបរាប់ថា មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចផ្ទាល់បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ១៩៨៧)។ បន្ទាប់មកក៏មានកិច្ចចរចាបន្តរវាងសីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។

ទោះបីមានកិច្ចព្រមព្រៀង សន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្ក ដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) ។ ប៉ុន្តែក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោគឺ បានបញ្ចប់សង្រ្គាមស៊ីវិល ទាំងស្រុងនៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេសបានស្គាល់ នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយ រហូតមកដល់សព្វថ្ងៃ ៕

To Top