ភ្នំពេញ ៖ ភាគីកម្ពុជា-ចិន បានឯកភាពគ្នាផ្តួចផ្តើមនូវ សកម្មភាពជាក់ស្តែងនានា ដើម្បីប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន» នៅឆ្នាំ២០២៤ ដើម្បីសំដៅជំរុញកំណើនទេសចរចិន មកទស្សនាកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ។
ការឯកភាពគ្នានេះធ្វើឡើងក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
ក្នុងជំនួបនោះភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនជាបន្តបន្ទាប់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបានផ្តល់ប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ និងបានឯកភាពគ្នាអនុវត្តឲ្យកាន់តែ មានប្រសិទ្ធភាពនូវកុងសង់ស៊ីស ដែលថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ បានព្រមព្រៀងគ្នានាពេលកន្លងមក ក្នុងនោះរួមមាន (១) ការដាក់ចេញនូវ«កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និង(២) ការបង្កើត «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងមច្ឆានិងអង្ករ» ដែលសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតី ស៊ី ជីនពីង បានឯកភាពគ្នាកាលពីខែកុម្ភៈ ឆ្នាំ២០២៣។
ភាគីទាំងពីរក៏បានកត់សម្គាល់ ដោយការពេញចិត្តនូវជំនួបប្រកបដោយផ្លែផ្ការវាង សម្តេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំចិន ជាពិសេសប្រធានាធិបតី និងលោកនាយករដ្ឋមន្ត្រី លី ឈាង ក្នុងឱកាសទស្សនកិច្ចរបស់សម្តេចធិបតីទៅកាន់ប្រទេសចិនចំនួន ២ លើកកន្លងមក។ ភាគីទាំងពីរក៏បានឯកភាពគ្នាផ្តួចផ្តើមនូវសកម្មភាពជាក់ស្តែងនានា ដើម្បីប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន» នៅឆ្នាំ២០២៤ សំដៅជំរុញកំណើនទេសចរចិនមកទស្សនាកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ៕