ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ ជំរុញគ្រូឧទ្ទេស​អនុវត្ត​អនុសាសន៍សម្តេចធិបតី ឱ្យបានជោគជ័យលើការបណ្តុះបណ្តាល ជំនាញបច្ចេកទេសដល់ សិក្ខាកាមក្រោមពាក្យស្លោក “រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ”

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញបិទវគ្គវិក្រឹតការគ្រូបច្ចេកទេស ស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលធ្វើឡើង នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។

ក្នុងពេលឡើងថ្លែងសុន្ទរកថាបិទបញ្ចប់វគ្គ លោករដ្ឋមន្ត្រី បានជំរុញឱ្យគ្រូឧទ្ទេស ចូលរួមអនុវត្តន៍អនុសាសន៍ របស់ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានជោគជ័យលើការបណ្តុះបណ្តាលជំនាញ បច្ចេកទេសដល់សិក្ខាកាមក្រោមពាក្យស្លោក “រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ”។

សម្រាប់លោករដ្ឋមន្ត្រី ការបណ្តុះបណ្តាលនេះជោគជ័យ បានតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល គឺអាស្រ័យទាំងស្រុងទៅលើគ្រូឧទ្ទេសទាំងអស់ ដែលត្រូវបំពញភារកិច្ចរបស់ខ្លួនតាមអ្វីដែលក្រសួង និងសាលាបានដាក់ជូនដោយក្នុងនោះគ្រូឧទ្ទេស ចាំបាច់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ ដើម្បីធានាពីប្រសិទ្ធភាពនៃការផ្ទេរចំណេះដឹង ក្នុងរយៈពេលដ៏ខ្លីនេះដែលទាមទារឱ្យមានមេរៀន ប្រកបដោយភាពទាក់ទាញ ងាយស្រួលយល់ ឆាប់ចេះ និងមានការចុះអនុវត្តផ្ទាល់ក្នុងរោងជាង ឱ្យបានច្បាស់លាស់ក្នុងគោលបំណងធានា ពីប្រសិទ្ធភាពនៃការបណ្តុះបណ្តាលដែល គ្រប់ភាគីពាក់ព័ន្ធទទួលស្គាល់ ជាពិសេសវិស័យឯកជន។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញ វិក្រឹតការគ្រូបច្ចេកទេសលើកទី១នេះ មានគ្រូឧទ្ទេសចំនួន២៤៥នាក់ ដែលបានបញ្ចប់ដោយជោគជ័យដែលទទួលបាន ការបណ្តុះបណ្តាលពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

គួររំលឹកផងដែរថា ការបណ្តុះបណ្តាលគ្រូវិក្រឹត្យការនេះ គឺធ្វើឡើងដើម្បីគាំទ្រដល់កម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាររងហានិភ័យដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញក្នុងគោលបំណង ផ្តល់ជំនាញជាក់លាក់រយៈពេលខ្លី និងមានការងារធ្វើឆាប់រហ័ស ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារ ដែលកំពុងស្ថិតក្នុងស្ថានភាពលំបាក៕

To Top