ព័ត៌មានជាតិ

ឆ្មក់បង្ក្រាបក្លឹបកម្សាន្ត ២ទីតាំង នៅភ្នំពេញ ដែលប្រើប្រាស់សារធាតុញៀនបញ្ចូលក្នុងប៉េងប៉ោង ឃាត់ខ្លួន​មនុស្សជាង ២០០នាក់

ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លឹបកំសាន្ត ដែលបានប្រើប្រាស់សារធាតុញៀន បញ្ចូលក្នុងប៉េងប៉ោង (Happy balloon ប៉េងប៉ោងបញ្ចូលឧស្ម័នណាយទ្រីសអុកសៃ Nitrous oxide) ២កន្លែង ដោយឃាត់មនុស្សចំនួន ២៥០នាក់ (ស្រី៨៥នាក់) ដកហូតបំពង់ផ្ទុកសារធាតុ Nitrous oxide ចំនួន១៣បំពង់ និងប៉េងប៉ោង ព្រមទាំងឧបករណ៍មួយចំនួនធំ។

ចំពោះទីតាំងក្លឹបកម្សាន្តទាំង២ ខាងលើរួមមាន៖

ទីតាំងទី១៖ នៅក្លឹបឈ្មោះណាំប៊ឺរណាញ(Number 9) ស្ថិតនៅផ្លូវលេខ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនមនុស្ស ១០៥នាក់ ស្រី៤១នាក់ ក្នុងនោះ ម្ចាស់ក្លឹប អ្នកគ្រប់គ្រង សន្តិសុខ ៣នាក់ និងភ្ញៀវ ១០៤នាក់ មានជនបរទេស ២៣នាក់ ស្រី៥នាក់ (ចិនតៃវ៉ាន់ ៩នាក់(ស្រី១), កូរ៉េ ៩នាក់, វៀតណាម ២នាក់(ស្រី), ហ្វីលីពីន ១នាក់(ស្រី), អាមេរិក ១នាក់(ស្រី), អង់គ្លេស ១នាក់)។ ចាប់យកបាន ដបឧស្ម័នធំៗ (ផ្ទុកឧស្ម័នណាយទ្រៅសអុកសៃ) ចំនួន ១២ដប និងប៉េងប៉ោងមួយចំនួនទៀតផង។

ទីតាំងទី២៖ នៅក្លឹបឈ្មោះ DRIP 13 ស្ថិតនៅផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ឃាត់មនុស្ស ១៤២នាក់ ស្រី៤៧នាក់ ក្នុងនោះ មេការ-បុគ្គលិក ៣២នាក់ និងភ្ញៀវ ១០៩នាក់ មានជនបរទេស ៩នាក់(វៀតណាម ៧នាក់(ស្រី២), កូរ៉េ១នាក់, អាហ្វ្រិក១នាក់) បានចាប់យកបំពង់ឧស្ម័ន ១បំពង់ និងប៉េងប៉ោងមិនទាន់ផ្លុំមួយចំនួនធំ (ប៉េងប៉ោងដែលបញ្ចូលឧស្ម័នហើយ ពួកវាចាក់ទម្លុះចោលអស់)។

បច្ចុប្បន្នមនុស្សចំនួន ២៤៧នាក់ កំពុងឃាត់ខ្លួននៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសាកសួរ ធ្វើតេស្តរកសារធាតុញៀន ស្រាវជ្រាវបង្ក្រាបបន្ត និងកសាងសំណុំរឿង ប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ៕

To Top