ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា រំលឹកថា ការពង្រឹងសមត្ថភាព ស្ថាប័ន និងភាពជាមន្រ្តីរាជការល្អ នៅតែជាចំណុចអាទិភាព

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានរំលឹកពីការដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាព៩ចំណុច ពាក់ព័ន្ធវិស័យសុខាភិបាលកម្ពុជា ជាពិសេស ពង្រឹងសមត្ថភាពស្ថាប័ន និងភាពជាមន្រ្តីរាជការឲ្យល្អបន្ថែមទៀតនៅតែជាចំណុចអាទិភាពរបស់សាស្ត្រាចារ្យ។

ការរំលឹករបស់លោកសាស្ត្រាចារ្យរដ្ឋមន្រ្តីសុខាភិបាលនេះ ក្នុងឱកាសអញ្ជើញពិនិត្យស្ថានភាព​ និងវឌ្ឍនភាពសុខាភិបាល ដើម្បីពិនិត្យការអនុវត្តយុទ្ធសាស្រ្តអាទិភាពចម្បងរបស់ក្រសួងដែលបានដាក់ចេញ នៅមណ្ឌលសុខភាពភ្នំដែក និងមន្ទីរពេទ្យបង្អែកខេត្ត១៦មករា ខេត្តព្រះវិហារ នាថ្ងៃ៤ វិច្ឆិកា ។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា យុទ្ធសាស្រ្តដាក់ចេញដោយផ្តោតសំខាន់លើលទ្ធផលនៃការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ គឺតាមរយៈការពង្រឹងរៀបចំឲ្យបានកាន់តែប្រសើរទាំង ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការបំពាក់បរិក្ខារវេជ្ជសាស្រ្តបន្ថែម ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងរូបភាពវេជ្ជសាស្ត្រ សម្រាប់ការគាំទ្ររោគវិនិច្ឆ័យជំងឺ និងប្រសិទ្ធភាពនៃការថែទាំព្យាបាល រួមទាំងការត្រួតពិនិត្យ និងពង្រឹងធនធានមនុស្សឆ្លើយតបបានតាមតម្រូវការជាបន្តបន្ទាប់។

លោករដ្ឋមន្រ្តីថា មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តយុទ្ធសាស្រ្តគន្លឹះ ៩ ចំណុច និងអាទិភាព ៣ចំណុច ដែលក្រសួងសុខាភិបាល បានដាក់ចេញក្នុងការពង្រឹងមណ្ឌលសុខភាព ពង្រឹងគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌តាមមន្ទីរពេទ្យស្រុក ខេត្ត និងពង្រឹងស្ថាប័ន តាមរយៈបន្តខិតខំចូលរួមរៀនសូត្រ បង្កើនសមត្ថភាពទាំងបច្ចេកទេសវេជ្ជសាស្ត្រ រួមទាំងចូលរួមឲ្យបានទូលំទូលាយវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលក្រសួងបានរៀបចំរៀងរាល់សប្តាហ៍ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាល សម្រាប់ថ្នាក់រាជធានី-ខេត្ត។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានរំលឹកផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្រសួងសុខាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាព៩ចំណុច រួមមាន៖ ១) ការពង្រឹងសមត្ថភាព ស្ថាប័ន និងភាពជាមន្រ្តីរាជការល្អ , ២)ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល និងសេវាសង្គមកិច្ច (មូលនិធិសមធម៌) , ៣) ការពង្រឹងប្រព័ន្ធផ្តល់សេវាថែទាំសុខភាពបឋម និងនវានុវត្តន៍ , ៤) បង្កើនការអប់រំសុខភាព សេវាបង្ក និងការផ្សព្វផ្សាយ , ៥) ការបង្កើនគុណភាព នៃការបណ្តុះបណ្តាលវិជ្ជាជីវៈវេជ្ជសាស្រ្ត អមវេជ្ជសាស្រ្ត , ៦) ការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ពង្រឹងការផ្គត់ផ្គង់ឱសថ បរិក្ខារ និងការបំពាក់ឧបករណ៍វេជ្ជសាស្រ្ត , ៧) ការពង្រឹងកិច្ចសហការពហុវិស័យ និងអន្តរវិស័យ ការចូលរួមរបស់សហគមន៍ និងការលើកកម្ពស់ការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ , ៨) កសាងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសាកលលោក និង ៩) ការអភិវឌ្ឍសុខាភិបាល ឌីជីថល។

ជាចុងក្រោយសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចហ៊ុន ម៉ាណែត ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ក្នុងការផ្តល់សេវាសុខាភិបាលក្នុងខេត្តព្រះវិហារ ព្រមទាំងណែនាំឲ្យមន្រ្តីសុខាភិបាលទាំងអស់ត្រូវ មានស្មារតីរួបរួមគ្នា ចេះជួយគ្នា ចេះសម្របសម្រួល ចេះកែសម្រួលគ្នា សាមគ្គីភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួមធានា ដើម្បីការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌៕

To Top