ព័ត៌មានជាតិ

ការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និបាតសមាគមកាយឫទ្ធិនារីពិភពលោក លើកទី៣៩ ឆ្នាំ២០២៦» បានបង្ហាញអំពីសមត្ថភាព លទ្ធភាព និងឥទ្ធិពលរបស់កម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី ចូសិន បាយអុន (Dr. Juseon Byun) ស្ថាបនិកមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកលឡើងថា ការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦» បានបង្ហាញអំពីសមត្ថភាព លទ្ធភាព និងឥទ្ធិពលរបស់កម្ពុជា។

ក្នុងជំនួបនេះ សម្ដេចធិបតី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកស្រីបណ្ឌិត ចូសិន បាយអុន និងគណៈប្រតិភូដែលបានអញ្ជើញចូលរួម «មហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៧» នៅកម្ពុជា នាពេលនេះ និងបានអរគុណចំពោះការគាំទ្រព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ «សន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦» ខាងមុខ ហើយការទទួលធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៦ នេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅព្រះរាជាណាចក្រកម្ពុជា ។

សម្ដេចធិបតី បានបញ្ជាក់ថា ការរៀបចំមហាសន្និបាតនេះ មិនមែនត្រឹមតែជាការជាព្រឹត្តិការណ៍ ជួបជុំប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាសារមួយជំរុញលើកទឹកចិត្តដល់យុវវ័យកម្ពុជា ជាពិសេសស្ត្រី និងយុវតី ក្នុងការចូលរួមចំណែកសកម្មភាពនានា របស់សមាគមកាយឫទ្ធិនារីកម្ពុជា ក៏ដូចជាការលើកកម្ពស់សមភាពយេនឌ័រ ការផ្ដល់ភាពអង់អាច និងឱកាសរបស់ស្ត្រី និងយុវតីនៅកម្ពុជាក្នុងការចូលរួមសកម្មភាពសង្គម ។

សម្ដេចធិបតី បានបន្ថែមថា ក្រៅពីការចូលរួមមហាសន្និបាតនេះ គណៈប្រតិភូទាំងអស់ ក៏អាចអញ្ជើញទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទស្សនា និងរីករាយជាមួយរមណីយដ្ឋានដ៏ពិសិដ្ឋនៃដែនដីអង្គរ ក្នុងខេត្តសៀមរាប ដែលមានប្រាសាទអង្គរវត្តជានិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា ដែលបង្ហាញពីអរិយធម៌ដ៏រុងរឿងរបស់កម្ពុជាក្នុងសម័យមហានគរ ហើយការចូលរួមនេះក៏បានបង្ហាញអំពីបរិយាកាសសន្ដិភាព និងសុខសុវត្ថិភាពរបស់កម្ពុជាដល់ភ្ញៀវទេសចរផងដែរ។

សម្ដេចធិបតី បានគូសបញ្ជាក់ដែរថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាង ៤០ ឆ្នាំមកនេះ កម្ពុជាត្រូវបានស្ដាកសាង និងអភិវឌ្ឍរីកចម្រើនជាលំដាប់ ចាប់តាំងពីការដួលរលំ នៃរបបប្រល័យពូជសាសន៍ ហើយ សម្ដេចតេជោ តែងតែយកចិត្តទុកដាក់ និងលើកកម្ពស់សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្ត្រី ។

ជាការឆ្លើយតប លោកស្រី ចូសិន បាយអុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យលោកស្រី និងគណៈប្រតិភូមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសមក្នុងឱកាសនេះ ហើយលោកស្រី បានសម្ដែងនូវការអរគុណ និងក្ដីរំភើបរីករាយយ៉ាងខ្លាំង នូវការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ចំពោះលោកស្រី និងគណៈប្រតិភូទាំងអស់ ដែលធ្វើឱ្យលោកស្រី និងគណៈប្រតិភូមានមោទនភាពយ៉ាងខ្លាំង ដែលបានអញ្ជើញមក ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ។

លោកស្រី ក៏បានសម្ដែងនូវការអបអរសាទរ ចំពោះព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និបាតសមាគមកាយឫទ្ធិនារីពិភពលោក លើកទី៣៩ ឆ្នាំ២០២៦» ដែលនេះបានបង្ហាញអំពីសមត្ថភាព លទ្ធភាព និងឥទ្ធិពលរបស់កម្ពុជា ក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានទទួលសិទ្ធិរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ ។ ទន្ទឹមនឹងនេះ លោកស្រីបណ្ឌិតបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងសមិទ្ធផលរបស់សមាគមកាយឫទ្ធិនារីកម្ពុជា តាមរយៈការចូលរួមសកម្មភាពនានារបស់ស្ត្រី និងយុវតីជាច្រើន ដែលនេះបង្ហាញពីភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវ និងការចូលរួមចំណែករបស់ស្ត្រី និងយុវតី ក្នុងសង្គម ។

មុននឹងបញ្ចប់ សម្ដេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ និង គាំទ្ររាល់សកម្មភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ហើយបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពជាច្រើនរបស់សមាគមនាពេលកន្លងមក ព្រមជាមួយគ្នានេះ សម្ដេចធិបតី បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ន យុវជន ក៏ដូចជាស្ត្រី និងយុវតីនៅកម្ពុជា គឺពោពេញដោយសមត្ថភាព និងភាពវ័យឆ្លាតដែលអាចឆ្លើយតបទៅនឹងការវិវត្តន៍នៃបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានឱកាសក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ៕

To Top