ព័ត៌មានជាតិ

សម្តេចតេជោ ៖បើគ្មានបទឈប់បាញ់ តំបន់ GAZA នឹងក្លាយជាវាលពិឃាដ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់អគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) និងភាគីពាក់ព័ន្ធ ចាប់ផ្តើមរកវិធីចរចាបញ្ចប់សង្រ្គាម ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ GAZA នឹងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេ នៅលើពិភពលោក។

តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្រ្គាសា និងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក។

សម្ដេចតេជោ បន្ដថា កន្លងមកមានការអំពាវនាវ ពីសហគមន៍អន្តរជាតិ ឲ្យមានបទឈប់បាញ់មួយនៅតំបន់ ហ្រ្គាសាតែត្រូវបានបដិសេធដោយ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ដោយគាត់ បានថ្លែងថា «នឹងមិនមានបទឈប់បាញ់ទេ ប្រសិនបើមិនមានការដោះលែងចំណាប់ខ្មាំង»។ ប្រសិនជាពាក្យនេះ ជាពាក្យរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ដូចសារព័ត៌មានចុះផ្សាយពិតប្រាកដមែន សម្ដេច មើលឃើញថា «វាជាច្រកចេញឆ្ពោះទៅរកបទឈប់បាញ់មួយ ប្រសិនបើក្រុមហាម៉ាស់ យល់ព្រមដោះលែងចំណាប់ខ្មាំង ដើម្បីដោះដូរជាមួយបទឈប់បាញ់»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់អគ្គលេខាធិការ អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធ សូមចាប់ផ្តើមរកការចរចាដោយផ្តើមចេញពីការដោះលែងចំណាប់ខ្មាំង ដោយក្រុមហាម៉ាស់ និងការសន្យារបស់អ៉ីស្រាអែលថា នឹងឈប់បាញ់ប្រសិនមានការដោះលែងចំណាប់ខ្មាំង»។

លើសពីនេះ សម្ដេចតេជោ ក៏បានអំពាវនាវដល់ក្រុមហាម៉ាស់ នៃប៉ាឡេស្ទីន សូមធ្វើការដោះលែងចំណាប់ខ្មាំង ដើម្បីឈានឆ្ពោះទៅរកបទឈប់បាញ់ ដែលជាផលប្រយោជន៍អាយុជីវិត នៃប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្រ្គាសាស្រ្ទីបទាំងមូល៕

To Top