ព័ត៌មានជាតិ

ពន្ធដារ ក្រើនរំលឹក ពលរដ្ឋឱ្យរួសរាន់ ទៅបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន​

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ក្រើនរំលឹកជាលើកទី២ ពីការបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៣ ដែលត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថា ម្ចាស់យានយន្តភាគច្រើន បានប្រកាសបង់ពន្ធរួចរាល់ខណៈ ដែលម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ ។

ក្នុងន័យនេះ អគ្គនាយកដ្ឋាន ពន្ធដារ បានបញ្ជាក់ថា «សូមក្រើនរំលឹក ដល់ម្ចាស់យានយន្តទាំងអស់ ដែលមិនទាន់បានបំពេញ កាតព្វកិច្ចបង់ពន្ធមេត្តា រួសរាន់អញ្ជើញ មកដាក់លិខិត ប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយភ្ជាប់មកជាមួយនូវ អត្តសញ្ញាណបណ្ណ បណ្ណសម្គាល់យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅសាខាពន្ធដារខេត្ត-ខណ្ឌ ៕

To Top