ព័ត៌មានជាតិ

ឧកញ៉ាបណ្ឌិត ឡី សុភាព៖​ គណៈកម្មាការអភិវឌ្ឍន៍ សេដ្ឋកិច្ចថ្នាក់កណ្ដាល ជាតួរអង្គពាក់ព័ន្ធមួយសំខាន់ នៃវេទិការវាងរដ្ឋាភិបាល ​និងវិស័យឯកជន

ភ្នំពេញ៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា និងជាប្រធានសមាគម សហព័ន្ឋយុវជនសេដ្ឋកិច្ចកម្ពុជា បានលើកឡើងថា គណៈកម្មាការអភិវឌ្ឍន៍ សេដ្ឋកិច្ចថ្នាក់កណ្ដាល នៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា​ គឺជាតួរអង្គពាក់ព័ន្ធមួយដែលសំខាន់ នៃវេទិកា រវាងរដ្ឋាភិបាល ​និងវិស័យឯកជន ។

ការលើកឡើងរបស់លោកឧកញ៉ាបណ្ឌិត ឡី សុភាព ខាងលើនេះ​ ធ្វើឡើង​ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈកម្មាការអភិវឌ្ឍន៍ សេដ្ឋកិច្ចថ្នាក់កណ្ដាល របស់ក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា អាណត្តិទី១ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។

ក្នុងឱកាសនោះ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានប្រកាសជាឱឡារឹកថា “សូមប្រកាសគាំទ្រគោលនយោបាយរដ្ឋាភិបាល ក្នុងកម្មវិធីគោលនយោបាយ បញ្ញកោណរបស់រដ្ឋាភិបាល អាណត្តិទី៧ ។ គោលជំហររបស់គណៈកម្មការ អនុវត្តសេដ្ឋកិច្ចថ្នាក់កណ្តាលនេះ គឺគាំទ្រយ៉ាងដាច់ខាត ចំពោះកម្មវិធីនយោបាយបញ្ញកោណ ដំណាក់កាលទី១ នៃរដ្ឋាភិបាលអាណត្តិទី៧ និងសូមគាំទ្រនូវកម្មវិធីគោលនយោបាយ ជាអទិភាពទាំង៦​ ដែលត្រូវបានដាក់ចេញ ឲ្យអនុវត្តនៅឆ្នាំ២០២៣តែម្តង” ។

លោកឧកញ៉ាបណ្ឌិត ឡី សុភាព បានបញ្ជាក់ថា “ចំពោះការតែងតាំងនាពេលនេះ គឺធ្វើឡើងស្របទៅតាមច្បាស់ជាតិកម្ពុជា ហើយយោងទៅតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា យ៉ាងត្រឹមត្រូវ គ្រាន់តែយើងបម្រើការឲ្យវិស័យអង្គការ សមាគម និងវិស័យឯកជនតែប៉ុណ្ណោះ ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ នៃគោលនយោបាយ បញ្ញកោណ អាណត្តិទី៧ នៃរាជរដ្ឋាភិបាល ដែលសម្តេចធិបតី មានការយកចិត្តទុកដាក់ លើកិច្ចការងារនេះ ហើយយើង(គណៈកម្មាការអភិវឌ្ឍន៍ សេដ្ឋកិច្ចថ្នាក់កណ្ដាល នៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា) គឺជាតួរអង្គពាក់ព័ន្ធមួយដែលសំខាន់ នៃវេទិកា​ រវាងរដ្ឋាភិបាល ​និងវិស័យឯកជន” ។

ក្នុងនោះដែរ ប្រធានសមាគម សហព័ន្ឋយុវជនសេដ្ឋកិច្ចកម្ពុជារូបនេះ ក៏បានប្រកាសគាំទ្រនូវគោលនយោបាយ ជាអទិភាពទាំង៦ ដែលត្រូវបានដាក់ចេញ ចាប់ផ្តើមអនុវត្តភ្លាមនៅឆ្នាំ២០២៣នេះ របស់រាជរដ្ឋាភិ​បាលថា “ទី១ យើងប្រកាសគាំទ្រ ពង្រីកសេវាការថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់ជាសកល, ទី២ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស, ទី៣​ ការធ្វើស្ថាបនូបនីយកម្ម កម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន, ទី៤ ការដាក់ចេញនិងការជំរុញ អនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យមានលទ្ធភាពចូលទៅក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ ការគាំពារសង្គមជាផ្លូវការ, ទី៥ ការដាក់ចេញនូវយន្តការ សម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និងទី៦ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម​ នៅគ្រប់ឃុំ-សង្កាត់ ដែលសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យឲ្យមាន សមាគមកសិករ​នៅតាមជនបទ”។

លោកឧកញ៉ាបណ្ឌិត ឡី សុភាព បានលើកឡើងថា “រាជរដ្ឋាភិបាល ក៏បានរៀបចំឲ្យមានយុទ្ធសាស្ត្រជាតិ ស្តីអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ យុទ្ធសាស្ត្រជាតិស្តីអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅមុំទី៤ ក្រោមធិបតីភាព​ សម្តេចធិបតី កាលពីថ្ងៃទី១០​ ខែ១០ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ដែលយុទ្ធសាស្ត្រទាំងអស់ ត្រូវបានរដ្ឋាភិបាល បានរៀបចំសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធយើងនេះតែម្តង” ។

ជាមួយគ្នានោះ ប្រធាន អនុប្រធាន សមាជិក សមាជិកា គណៈកម្មាការអភិវឌ្ឍន៍សេដ្ឋកិច្ចថ្នាក់កណ្ដាល របស់ក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធ យុវជនសេដ្ឋកិច្ចកម្ពុជា បានប្តេជ្ញាចិត្តចំពោះមុខថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូលថា ប្តេជ្ញាចងក្រង និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធរួមមាន យុវជន អ្នកជំនាញវិជ្ជាជីវៈ ភ្នាក់ងារទីផ្សារ ស្វ័យនិយោជន៍ អ្នកលក់ដូរ អាជីវករ ពាណិជ្ជករ វិនិយោគិនដែលប្រកបអាជីវកម្មមីក្រូតូច មធ្យម តាមផ្សារ ផ្សារទំនើប ម៉ាត ហាងលក់ដូរ សហគ្រាស ក្រុមហ៊ុន ឬមូលដ្ឋានអាជីវកម្ម គ្រប់កម្រិតតាមវិស័យ តាមផ្នែក និង បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបម្រើសកម្មភាព ក្នុងវិស័យមនុស្សធម៍ សប្បុរសធម៌ និងកិច្ចការសង្គម៕

To Top