ព័ត៌មានជាតិ

កម្ពុជា-ចិន មានជំនឿថា អ្នកវិនិយោគ ឬទេសចរចិន នឹងមកកម្ពុជា កាន់តែច្រើនឡើង

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី២៣ វិច្ឆិកា នេះ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកស្រី សិន យេយេ អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន មានជំនឿថា អ្នកវិនិយោគ ឬអ្នកទេសចរចិន នឹងមកវិនិយោគ និងទស្សនានៅកម្ពុជា កាន់តែច្រើនឡើងថែមទៀត។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានោះ ភាគីទាំងពីរ បានយល់ស្របគ្នា និងបានចាត់ទុកប្រទេសទាំងពីរ ជាបងប្អូនល្អ មិត្តភក្តិល្អ ដៃគូល្អ និងជាអ្នកជិតខាងល្អ និងមានសហប្រតិបតិ្តការល្អលើគ្រប់វិស័យ។ ទន្ទឹមគ្នានោះ សម្តេចប្រធានព្រឹទ្ធសភា ក៏បានបញ្ជាក់ដែរថា ប្រទេសកម្ពុជាបន្តគោរពយ៉ាងខ្ជាប់ខ្ជួននូវ «គោលនយោបាយចិនតែមួយ»។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» កាន់តែទូលំទូលាយ និងស៊ីជម្រៅរវាងប្រទេសទាំងពីរ ដែលទទួលបានលទ្ធផលជាក់ស្តែង ជាពិសេសឈានដល់ការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ លើវិស័យអាទិភាពទាំង៦ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា។

ភាគីទាំងពីរ បានអបអរសាទរចំពោះការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន «កម្ពុជា-ចិន» ត្រូវបានប្រកាសរួមគ្នាដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងមានជំនឿថា «អ្នកវិនិយោគទុនចិន និងអ្នកទេសចរចិននឹងមកវិនិយោគ និងទស្សនានៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត»។

សម្តេច ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងឆាប់រហ័ស។

ជាមួយគ្នានោះ លោកស្រី សិន យេយេ បានថ្លែងនូវការកោតសសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមព្រះរាជដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។

លោកស្រី បានគូសបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបតិ្តការសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ប្រទេសចិនត្រៀមខ្លួនក្នុងការជំរុញកិច្ចសហប្រតិបតិ្តការជាមួយប្រទេសកម្ពុជា ដើម្បីពង្រឹងទំនុកចិត្តនយោបាយ និងការអភិវឌ្ឍជាក់ស្តែង៕

To Top