ព័ត៌មានជាតិ

«វិទ្យាសាស្ត្រដឹកនាំអនាគត» ៖ ប្រទេសចិន ចែករំលែក បទពិសោធ អភិវឌ្ឍន៍ តាមរយៈការធ្វើនវានុវត្តន៍ ផ្នែកវិទ្យាសាស្ត្រ

បច្ចុប្បន្ន សម្ភារៈដែលប្រើប្រាស់ នៅក្នុងផ្ទះមានភាព កាន់តែទំនើបទៅៗ ដែលផ្តល់ភាពងាយស្រួល ពីមួយថ្ងៃទៅមួយ ថ្ងៃសម្រាប់ជីវភាពរស់នៅ របស់មនុស្សយើង នេះគឺបានមកពីការអភិវឌ្ឍ នៃវិទ្យាសាស្ត្រ ។ អាយុកាលរំពឹងទុកជាមធ្យម របស់មនុស្សយើង មានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ នេះគឺដោយសារការវិវឌ្ឍ នៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ដែលបានជួយព្យាបាលជំងឺនិងថែទាំសុខភាព មនុស្សយើងកាន់តែមានប្រសិទ្ធភាពនិងស័ក្តសិទ្ធភាព ។ មធ្យមបាយធ្វើដំណើរកាន់តែមានភាពទំនើប និងប្រកបដោយផាសុកភាព នេះគឺ ដោយសារបច្ចេកវិទ្យា កាន់តែជឿនលឿនទៅៗ ។ ល ។ អ្វីៗទាំងនេះបានបង្ហាញថា វិទ្យាសាស្ត្របាននាំមក នូវការផ្លាស់ប្តូរបែបលោតផ្លោះ សម្រាប់ជីវភាពរស់នៅរបស់មនុស្សយើង ។

ឈានចូលយុគសម័យថ្មី ប្រទេសចិន បានខិតខំជំរុញការអភិវឌ្ឍប្រទេសជាតិតាមរយៈវិទ្យាសាស្ត្រ ដែលបានធ្វើនវានុវត្តន៍និងទំនើបកម្មលើវិស័យនានា ។ រដ្ឋាភិបាលចិនបានដាក់ចេញ ទិសដៅការងារជាច្រើន ដើម្បីឆ្ពោះ ទៅការអភិវឌ្ឍបៃតង កាបូនទាប និងប្រកបដោយចីរភាព តាមរយៈការធ្វើនវានុវត្តន៍ ផ្នែកវិទ្យាសាស្ត្រ ។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន បានលើកឡើងថា ៖ «រដ្ឋាភិបាលចិនផ្តោតសំខាន់ លើការងារធ្វើនវានុវត្តន៍ ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ប្រកាន់ខ្ជាប់ការ ចាត់ទុកនវានុវត្តន៍ ជាកម្លាំងចលករទីមួយ សម្រាប់ដឹកនាំការអភិវឌ្ឍ ។ ការធ្វើនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាការសាកល្បង ដែលមនុស្សជាតិរួមគ្នាឆ្លើយតបនឹងហានិភ័យ និងជាកម្លាំងដ៏សំខាន់សម្រាប់ជំរុញសន្តិភាពនិងការអភិវឌ្ឍ ។»

អាស្រ័យហេតុនេះ ប្រទេសចិន បានខិតខំជំរុញកិច្ចសហប្រតិបត្តិការ អន្តរជាតិផ្នែកវិទ្យាសាស្ត្រនិង នវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីនាំមកនូវសុខសុភមង្គល កាន់តែច្រើនជូនដល់មនុស្សជាតិ ។ នៅក្រុង Tengchong នៃខេត្តយូណានប្រទេសចិន បានបង្កើតនូវ«ឃុំអ្នកវិទ្យាសាស្ត្រ» និងសាលប្រជុំអចិន្ត្រៃយ៍ សម្រាប់រៀបចំកិច្ចប្រជុំអ្នកវិទ្យាសាស្ត្រ ។ ដោយឡែក វេទិកាអ្នកវិទ្យាសាស្ត្រTengchong ២០២៣ ដែលបានរៀបចំពីថ្ងៃទី ១-៣ ខែធ្នូនេះ ជាការជួបជុំ រវាងអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ អ្នកជំនាញ បញ្ញវន្ត និង សហគ្រិនជាដើម ដើម្បីផ្លាស់ប្តូរមតិយោបល់ អំពីវិធីសាស្ត្រ អភិវឌ្ឍន៍តាមរយៈវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក្នុងន័យជំរុញឱ្យវិទ្យាសាស្ត្រដើរតួនាទី កាន់តែសំខាន់ក្នុងការអភិវឌ្ឍ ។

«វេទិកាមេគង្គ-ឡានឆាង ស្តីពីការផ្លាស់ប្តូរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា , ការផ្លាស់ប្តូរប្រជាជននិង ប្រជាជន» ជាសកម្មភាពដ៏សំខាន់មួយ នៃវេទិកាអ្នកវិទ្យាសាស្ត្រ Tengchong ២០២៣ ដែលបានផ្តោតលើការ អភិវឌ្ឍនៃឱសថបុរាណ នៃបណ្តាប្រទេសមេគង្គ‑ឡានឆាង ដើម្បីរំលេចពីគុណប្រយោជន៍និងតួនាទីដ៏សំខាន់នៃឱសថបុរាណ ចំពោះដំណើរវិវឌ្ឍរីកចម្រើន នៃសង្គមមនុស្សជាតិ ។

លោកវេជ្ជបណ្ឌិត ហួត ធាង អនុប្រធានមជ្ឈមណ្ឌលជាតិ ស្រាវជ្រាវវេជ្ជសាស្ត្របូរាណ នៃ ក្រសួងសុខាភិបាលកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួម វេទិកានេះ បានថ្លែងថា «វេទិកានេះបានធ្វើឡើង ដើម្បីចែករំលែកបទពិសោធស្តីពីចំណេះដឹង ជំនាញ និងការរកឃើញថ្មីៗ ទាក់ទងនឹង វេជ្ជសាស្ត្របុរាណនៃអនុតំបន់ទន្លេមេគង្គ និងដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក ។ ឆ្លងតាមរយៈការរៀបចំវេទិកានេះ ក៏បានបង្កើនទំនាក់ទំនង មិត្តភាព រវាងប្រទេសទាំង ៦ នៃមេគង្គ-ឡានឆាង ជាពិសេសមិត្តភាព រវាងបណ្តាប្រទេស ជាមួយប្រទេសចិន ដែលប្រទេសចិន តែងយកចិត្តទុកដាក់ទៅលើ ផ្នែកវេជ្ជសាស្ត្របុរាណ ហើយតែងផ្តល់ការគាំទ្រ និងជំនួយឧបត្ថម្ភ ចំពោះបណ្តាប្រទេសទាំង បច្ចេកទេសនិងថវិកា ក្នុងនោះ កម្ពុជាទទួលបានបទ ពិសោធថ្មីៗតាមរយៈការចែករំលែករបស់ប្រទេសចិន ។ »

ជាក់ស្តែង អ្វីដែលថ្នាក់ដឹកនាំចិនតែងគូសបញ្ជាក់គឺ «ការអភិវឌ្ឍរបស់ប្រទេសចិន ជាកាលានុវត្តភាពរបស់ពិភពលោក» , «ប្រទេសចិនត្រូវការពិភពលោក ពិភពលោកក៏ត្រូវការប្រទេសចិន» នេះជាជំហររបស់ប្រទេសចិន ដែលរីករាយក្នុងការចែករំលែកសមិទ្ធផល នៃការអភិវឌ្ឍរបស់ខ្លួនជាមួយបណ្តាប្រទេស ពោលគឺជោគវាសនារបស់ប្រទេសចិនបានផ្សារភ្ជាប់ជាមួយពិភពលោក ការអភិវឌ្ឍរបស់ចិនជាការអភិវឌ្ឍ របស់ពិភពលោក ។

ក្នុងមួយឆ្នាំៗ ប្រទេសចិន បានរៀបចំសកម្មភាពអន្តរជាតិរាប់រយសកម្មភាពដើម្បីចែករំលែកពីបទពិសោធអភិវឌ្ឍន៍ល្អៗរបស់ខ្លួន និងដើម្បីរៀនសូត្រទៅវិញ ទៅមកជាមួយបណ្តា ប្រទេសនានា នេះមានន័យថា បណ្តាប្រទេសជាមិត្តបានដឹង បានយល់បន្ថែមទៀតពីការបូក សរុបបទពិសោធ ដែលមានប្រវត្តិសាស្ត្រ ជាង ៥ ពាន់ឆ្នាំ ពិសេសបទពិសោធ ក្នុងសម័យទំនើបរបស់ប្រទេសចិនលើគ្រប់វិស័យ ហើយផ្លាស់ប្តូរបទពិសោធគ្នាដើម្បីស្វែងរកការអភិវឌ្ឍរួម ។ ជាការពិតណាស់ ពុទ្ធិនិង បទពិសោធខុសៗគ្នាជាកត្តា ដែលនាំឱ្យយើងមានតម្រូវការខាងការផ្លាស់ប្តូរ និងរៀនសូត្រពីគ្នា ដើម្បីអាចបំផុសគំនិតថ្មីៗ និងឈានទៅរកការរកឃើញថ្មី ដែលបម្រើដល់ឧត្តមប្រយោជន៍ របស់មនុស្សជាតិទាំងមូល ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top