កំពង់ស្ពឺ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យការដ្ឋាន សាងសង់ប្រព័ន្ធដោះទឹក និងពង្វាងទឹក ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ក្រោមគម្រោងវិនិយោគបន្ទាន់ លើហេដ្ឋារចនាសម្ព័ន្ធរំដោះទឹក សម្រាប់បញ្ចៀស ការជន់លិច ភូមិសាស្រ្តរាជធានីភ្នំពេញ ។
សូមជម្រាបថា ការចុះពិនិត្យការងារនេះ មានការចូលរួមពីលោក វី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ លោក ម៉េង ប៉ូគន្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល លោកនាយកខុទ្ទកាល័យ និងមន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយម។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គម្រោងការសាងសង់ប្រព័ន្ធដោះទឹក និងពង្វាងទឹក គឺដើម្បីបញ្ជូននិងពង្វាងទឹក ដែលមានបរិមាណច្រើនប្រមាណ ១៣០០ម៉ែត្រគូបក្នុងវិនាទី ដែលតែងយាយីបង្កហានិភ័យ មកលើរាជធានីភ្នំពេញ និងបណ្តាតំបន់រណប ឱ្យហូរចូលក្នុងអាងបឹងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ឱ្យបានឆាប់ ដែលការពង្វាងទឹកទាំងនេះ គឺចាប់ពីតំបន់រលាំងជ្រៃខាងត្បូង ក្នុងខេត្តកំពង់ស្ពឺ តាមព្រែកខ្សាច់ ព្រែកដូនស្ទឹង ព្រែកពាមសត្ថា តាមអូរទាំងអស់ និងប្រឡាយនាំដីល្បប់ នានាក្នុងរាជធានី ភ្នំពេញ និងខេត្តកណ្តាល ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យការងារគម្រោង ១)ប្រឡាយមេរលាំងជ្រៃខាងត្បូង ស្ថិតក្នុងឃុំកាហែង ឃុំរលាំងចក ឃុំរលាំងគ្រើល ឃុំសែងដី ក្នុងស្រុកសំរោងទង សង្កាត់កណ្តោលដុំ សង្កាត់ស្វាយក្រវ៉ាន់ ក្នុងក្រុងច្បារមន ឃុំរកាកោះ ឃុំវាល ឃុំអង្គពពេល ឃុំព្រៃញតិ ឃុំជង្រុក ឃុំស្នំក្រពើ ឃុំមហាឬស្សី ឃុំព្រៃវិហារ ក្នុងស្រុកគងពិសី និង ឃុំទួលអំពិល ឃុំនិទាន ឃុំពោធិអង្ក្រង ក្នុងស្រុកបរសេដ្ឋ និង ២)គម្រោងស្តារស្ទឹងតូច ស្ថិតក្នុងឃុំរលាំង ចក ឃុំរលាំងគ្រើល ក្នុងស្រុកសំរោងទង និង ឃុំរកាកោះ ឃុំព្រះនិព្វាន ក្នុងស្រុកគងពិសី ។
តបតាមការចង្អុលបង្ហាញ និង មានយុទ្ធសាស្រ្តជាក់លាក់ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញ និងដោះស្រាយបញ្ហាជន់លិចក្នុងអាងស្ទឹង និងទន្លេ តាមរយៈការកំណត់តំបន់ជំនន់លិចទឹកជាប្រចាំ តំបន់លិចទឹកហើយ និងស្រកទៅវិញ តំបន់លិចទឹកដោយសារការអភិវឌ្ឍផ្សេងៗ ក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំផែនការ អភិវឌ្ឍន៍ធ្វើទំនើបកម្ម លើហេដ្ឋារចនាសម្ព័ន្ធដោះទឹក ជំនន់ទឹកភ្លៀង និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ដើម្បីធានានូវសន្តិសុខ និងសុវត្ថិភាពទឹកដល់រាជធានីភ្នំពេញ និងផ្នែកខ្លះនៃខេត្តកណ្តាល ប្រកបដោយស័ក្តិសិទ្ធិភាព និងនិរន្តរភាព ។
គួរបញ្ជាក់ថា កិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្តុ ស្តីពីសមាហរណកម្មផែនការ ការងារដោះទឹក និងបង្វែរទឹកភ្លៀង និងជំនន់ទឹកភ្លៀងគ្រប់ច្រកចេញ ពីរាជធានីភ្នំពេញ បានសម្រេច ឱ្យក្រសួងធនធានទឹក និងឧតុនិយមធ្វើការដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ទៅតាមគ្រប់ច្រកទាំងអស់នៅផ្នែកខាងក្រៅចូល ទៅក្នុងអាងទន្លេបាសាក់ ទន្លេមេគង្គ និងទន្លេសាប ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន និងសាលារាជធានីភ្នំពេញ ទទួលបន្ទុកកិច្ចការ ដោះទឹកចេញ ពីផ្ទៃក្នុងរាជធានីភ្នំពេញ តាមប្រព័ន្ធលូនានា និងប្រព័ន្ធបង្ហូរទឹកចូល ទៅក្នុងបណ្តាអាងទន្លេ ដោយឆ្លងកាត់ប្រព័ន្ធចម្រោះទឹក កខ្វក់ផងដែរ ៕