ព័ត៌មានជាតិ

កម្ពុជា នៅតែប្ដេជ្ញាចិត្ត ធ្វើការងារឲ្យកាន់តែជិតស្និទ្ធជាមួយ យន្ដការសិទ្ធិមនុស្សរបស់UN

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ដ្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ក្នុងស្មារតី ដែលសិទ្ធិមនុស្សមានលក្ខណៈជាសកល និងមិនអាចកាត់ផ្តាច់បាន កម្ពុជានៅតែប្ដេជ្ញាចិត្ត ក្នុងការធ្វើការងារឲ្យកាន់តែជិតស្និទ្ធជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN)។

ថ្លែងក្នុងបទអន្ដរាគមន៍ នាឱកាសអញ្ជើញចូលរួមខួប លើកទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពី សិទ្ធិមនុស្ស និងបង្ហាញពីការប្តេជ្ញាចិត្ត (Pledge) របស់កម្ពុជា ស្ដីពី «ការពង្រឹងការគាំពារសង្គម» នៅទីក្រុងហ្សឺណែវ នាថ្ងៃ១១ ធ្នូ លោកទេសរដ្ឋមន្ដ្រី កែវ រ៉េមី បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជា ជាប្រទេសមួយដែលឈានមុខគេ ក្នុងការចូលរួម និងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។

លោកបន្ដថា កម្ពុជាបានអនុញ្ញាតឲ្យមានការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិតាំងនៅ មុនគេនិងយូរជាងគេបង្អស់ ក្រៅពីនៅទីក្រុងហ្សឺណែវ និងបានទទួលយកអាណត្តិរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣មក ព្រមទាំងបានចូលរួមយ៉ាងសកម្មជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្ស ការពិនិត្យឡើងវិញជាសកល តាមកាលកំណត់ និងកាតព្វកិច្ចនៃសន្ធិសញ្ញាផ្សេងៗ។ កម្ពុជា ក៏ជារដ្ឋភាគីនៃសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ស្នូលចំនួន៨ ក្នុងចំណោម៩។

លោកទេសរដ្ឋមន្ដ្រីថា ខុសពីអតីតកាលដ៏គួរឲ្យតក់ស្លុត (របបប្រល័យពូជសាសន៍ខ្មែរក្រហម) កម្ពុជានាពេលបច្ចុប្បន្ន មានសន្តិភាព ស្ថិរភាព កំណើនថាមវន្ត និងមានការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ប្រជាជនជាច្រើនលាននាក់ បានរួចផុតពីបន្ទាត់នៃភាពក្រីក្រ ទទួលនូវភាពរីករាយជាមួយនឹងជីវភាពសមរម្យ ទទួលបានការអប់រំ ទទួលបានការគាំពារសង្គមល្អប្រសើរ និងមានអាយុមធ្យមសង្ឃឹមរស់ពី ៥៩ឆ្នាំ ទៅ ៧៧ឆ្នាំ ដោយសារគុណូបការៈដ៏ធំធេង នៃនយោបាយឈ្នះ-ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។

លោកឲ្យដឹងទៀតថា រាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ចេញគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះ «ការពង្រឹងការគាំពារសង្គម» ត្រូវបានចាត់ទុកជាការងារអាទិភាព។ កម្ពុជា នឹងផ្តោតលើការពង្រីកសេវា ថែទាំសុខភាពដែលគ្រប់ដណ្តប់ប្រជាជន៩លាននាក់ ការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រចំនួន ១,៥លាននាក់ ការពង្រីកសេវាអ៊ិនធឺណិតដល់សាលាឃុំ សាលារៀន និងមណ្ឌលសុខភាពចាប់ពីឆ្នាំ ២០២៤ និងការតភ្ជាប់បណ្តាញអគ្គិសនីដល់គ្រប់ភូមិនៅមុនឆ្នាំ២០៣០។

លោកទេសរដ្ឋមន្ដ្រី កែវ រ៉េមីបញ្ជាក់ថា «ក្នុងស្មារតី ដែលសិទ្ធិមនុស្សមានលក្ខណៈជាសកល និងមិនអាចកាត់ផ្តាច់បាន កម្ពុជានៅតែប្ដេជ្ញាចិត្ត ក្នុងការធ្វើការងារឲ្យកាន់តែជិតស្និទ្ធជាមួយយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា»

To Top