ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ការចាប់ផ្តើមដំណើរការជើងហោះហើរត្រង់ពីហាណូយ-ខេត្តសៀមរាប គឺជាការតភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-វៀតណាម ដើម្បីជួយទៅដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក រវាងប្រទេសទាំងពីរ។
សម្តេចធិបតីលើកឡើងបែបនេះ នាឱកាសអនុញ្ញាតលោកង្វៀន ថាញ់ ហ៊ុង (Nguyen Thanh Hung) ស្ថាបនិកក្រុមហ៊ុន Sovico Group និងថ្នាក់ដឹកនាំក្រុមហ៊ុន Vietjet ចូលជួបសម្តែងការគួរសម ក្នុងថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងជំនួបនេះ លោក ង្វៀន ថាញ់ ហ៊ុង បានជម្រាបសម្តេចធិបតីពីក្រុមហ៊ុន Sovico Group ដែលមានសកម្មភាពអាជីវកម្ម និងក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ហើយអាជីវកម្មមួយដែលលេចធ្លោ គឺក្រុមហ៊ុនអាកាសចរណ៍ Vietjet ដែលនឹងបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ ។
លើសពីនេះ លោក ង្វៀន ថាញ់ ហ៊ុង ក៏បានសម្តែងនូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជានឹងកាន់តែមានការរីកចម្រើងរុងរឿងប្រកបដោយវិបុលភាពជាក់ជាមិនខាន ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់ដឹកនាំ នៃក្រុមហ៊ុនទាំងពីរ និងបានសម្តែងនូវការគាំទ្រចំពោះការចាប់ផ្តើមដំណើរការជើងហោះហើរត្រង់រវាងទីក្រុងហាណូយ និងខេត្តសៀមរាប នៅថ្ងៃទី១៥ ធ្នូ ខាងមុខ ដែលនេះគឺជាការតភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-វៀតណាម ដើម្បីជួយទៅដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក រវាងប្រទេសទាំងពីរ ។
ទន្ទឹមគ្នានេះ សម្តេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែផ្តល់កិច្ចគាំទ្រនិងសម្របសម្រួលចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន Vietjet នៅកម្ពុជា និងបានលើកទឹកចិត្តក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកគោលដៅនៃការហោះហើរត្រង់ពីទីក្រុងដាណាំង មកកាន់រាជធានីភ្នំពេញ ក៏ដូចជាការពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ ដើម្បីជំរុញការធ្វើដំណើររបស់អ្នកទេសចរវៀតណាម តាម Vietjet Air មកកាន់កម្ពុជាឲ្យបានកាន់តែច្រើន ៕


