ព័ត៌មានជាតិ

កម្ពុជា ប្រាប់វៀតណាម ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនបង្កផលអវិជ្ជមានណាមួយដល់វៀតណាមឡើយ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ទៅកាន់ថ្នាក់ដឹកនាំប្រទេសវៀតណាម ដើម្បីកុំឱ្យមានការបារម្ភ ចំពោះផលអវិជ្ជមានណាមួយ ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ ខណៈគម្រោងនេះនឹងរក្សាបាននូវស្ថិរភាពបរិស្ថាន អេកូឡូស៊ី និងជម្រកធម្មជាតិសម្រាប់ជីវៈចម្រុះ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម ភ្លាមៗបន្ទាប់ពីបានចុះមកដល់​ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅរាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ ប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងអំឡុងជួបជាមួយថ្នាក់ដឹកនាំ នៃប្រទេសវៀតណាម នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីគម្រោងព្រែកជីក ហ្វូណនតេជោថា មិនមានផលអវិជ្ជមានណាមួយ ដល់វៀតណាមនោះទេ ផ្ទុយទៅវិញ ថែមទាំងរក្សាបាននូវស្ថេរភាព បរិស្ថាន អេកូឡូស៊ី និងជម្រកធម្មជាតិសម្រាប់ជីវៈចម្រុះថែមទៀត ។

លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានឲ្យដឹងថា “គម្រោងព្រែកជីក ហ្វូណនតេជោ ជាគម្រោងមួយសំខាន់ សម្តេចធិបតី បញ្ជាក់ប្រាប់ភាគីវៀតណាមថា គម្រោងនេះ មិនបង្កឲ្យមានផលប៉ះពាល់ជាអវិជ្ជមាន ដល់របបលំហូរទឹកទន្លេមេគង្គ និងទន្លេផ្សេងៗទៀត ។ ទន្ទឹមនេះរក្សាបាន នូវស្ថេរភាព បរិស្ថាន អេកូឡូស៊ី និងជម្រកធម្មជាតិសម្រាប់ជីវៈចម្រុះ” ។

លោកប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា “ជារួម សម្តេចធិបតី យល់ឃើញថា សម្រាប់ប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃកម្ពុជា តទៅថ្ងៃមុខ នារយៈកាលខ្លីនិងមធ្យម វានឹងមិនបង្ក បញ្ហាលំហូរទឹក និងបរិស្ថាន ដល់វៀតណាម ដល់ជិតខាងទេ ហើយនេះជាការសិក្សាជាក់ស្តែង ពីព្រោះគម្រោងនេះ ចង់ឬមិនចង់ មានលក្ខណៈ បង្វែរទឹកចេញពីទន្លេបាសាក់ ដែលជាដៃមួយនៃទន្លេមេគង្គ ក្នុងអាងទន្លេមេគង្គទៅអាងទន្លេដទៃផ្សេង ​ក្រៅអាងទន្លេមេគង្គ”។

លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់រំលេចថា គម្រោងផ្លូវទឹកសេដ្ឋកិច្ចរបស់កម្ពុជាមួយនេះ ច្បាស់ណាស់ បានធ្វើឲ្យប្រទេសវៀតណាម មានការបារម្ភ ដែលនាំឲ្យមេដឹកនាំកម្ពុជា ត្រូវធ្វើការពន្យល់ឲ្យបានច្បាស់លាស់ ។

ក្នុងនោះ លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ បញ្ជាក់ថា”អីចឹងហើយបានជាភាគីវៀតណាម គាត់បារម្ភចង់បាន ការពន្យល់បំភ្លឺមួយចំនួន ហើយកម្ពុជាដែលយល់ឃើញថា គម្រោងនេះ គឺជាគម្រោងជន្ទល់មួយ នៅពេលខាងមុខ សម្រាប់ការបន្តអភិវឌ្ឍន៍សេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា បានជូនសេចក្តីបំភ្លឺ ទៅកាន់ភាគីវៀតណាម” ។

គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា នាពេលខាងមុខ ក្រោយពេលមានព្រែកជីកហ្វូនណនតេជោហើយ សេដ្ឋកិច្ចនៅតាមបណ្តាខេត្តតាមដងទន្លេ និងប្រជាជនកម្ពុជា នឹងកាន់តែមានជីវភាព រីកចម្រើនជាងមុនបន្ថែមទៀត ។

សូមរំលឹកថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលត្រូវបានប្រសិទ្ធនាមថា”ព្រែកជីកហ្វូណនតេជោ” ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធផល រួចរាល់ដោយបានប្រើប្រាស់ រយៈពេលសរុប២៦ខែគ្រោងចំណាយទុនវិនិយោគ ១ ៧០០លានដុល្លារ។ តាមសិក្សា ផ្លូវទឹកនេះមានប្រវែង​ ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់ដៃសមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ចំនួន៤រួមមាន ខេត្តកណ្ដាល តាកែវ កំពត និងកែប ៕

To Top