ព័ត៌មានជាតិ

នាវា Westerdam នឹងនាំយកភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ ជិត៤ពាន់នាក់ មកកម្ពុជា នៅថ្ងៃ២៨ ធ្នូ ខាងមុខ

" "

ភ្នំពេញ ៖ បើគ្មានការប្រែប្រួល នាវាខ្នាតយក្ស របស់សហរដ្ឋអាមេរិក Westerdam ដែលកម្ពុជាធ្លាប់សង្គ្រោះ ក្នុងអំឡុងពេលកូវីដ១៩ នឹងនាំយកភ្ញៀវទេសចរចម្រុះជាតិ សាសន៍ជិត៤ពាន់នាក់ មកទស្សនាកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ។

សូមរំលឹកថា នាវាទេសចរណ៍ខ្នាតយក្សនេះ ត្រូវបានសម្ដេច តេជោ ហ៊ុន សែន ដែលកាលនោះសម្តេច ជានាយករដ្ឋមន្ត្រី នៃកម្ពុជា អនុញ្ញាតដោយមិនអល់អែក ឲ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ បន្ទាប់ពីប្រទេសចំនួន៤ និង កោះចំនួន២ មិនអនុញ្ញាតឲ្យចូលចត ហើយរសាត់អណ្តែត តែលតោល លើលម្ហមហាសាគរ អស់ រយៈពេល១២ថ្ងៃ ព្រោះតែមានការសង្ស័យមនុស្សលើនាវានេះ មានផ្ទុកមេរោគកូវីដ១៩។

" "

បន្ទាប់ពីអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានអញ្ជើញ ទៅទទួលភ្ញៀវ ទេសចរចុះនាវាដោយផ្ទាល់នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ចំថ្ងៃនៃក្តីស្រឡាញ់របស់មនុស្សជាតិ ជាមួយការប្រគល់ជូនផ្កាកុលាបថែមទៀតផង ។ អ្នកទេសចរនៅលើនាវានេះបានរីករាយរហូតខ្លះទៀតស្រក់ទឹកភ្នែក ជាមួយនឹងការរំភើបដឹងគុណ ដល់សម្តេច ហ៊ុន សែន ដែលអនុញ្ញាតឲ្យនាវានេះ បានចូលចត និងសម្រួលដំណើរបន្ត តាមជើងយន្តហោះ បានទៅកាន់ប្រទេសរៀងៗខ្លួន។

" "

ការអនុញ្ញាតឲ្យនាវា Westerdam ដែលមានអ្នកទេសចរ ១,៤៥៥នាក់ និងសហនាវិក ៨០២នាក់ទៀត ចូលចតនា ពេលនោះ សម្ដេចតេជោត្រូវបានទទួលការស្ញប់ស្ញែង និងវាយតម្លៃខ្ពស់បំផុតពីអ្នកដំណើរនៅលើនាវា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមទាំងបណ្តាប្រទេស ដែលមានជនជាតិខ្លួន នៅលើនាវា និងមេដឹកនាំអង្គការ អន្តរជាតិ ជាច្រើនផ្សេងទៀត។ ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការជួយសង្គ្រោះមនុស្សលើនាវានេះ នាំឲ្យមនុស្សជាតិលើពិភពលោក បានកោតសរសើរកម្ពុជាថា ជាជាតិសាសន៍មួយ ពោរពេញដោយបេះដូងមនុស្សធម៌ «កម្ពុជាជាប្រទេសតូច តែបេះដូងធំ» ៕

To Top