ភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ជម្រាបជូនដល់សាធារណជន អ្នកសារ ព័ត៌មានក្នុងស្រុក-ក្រៅស្រុក និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ មានសារព័ត៌មានថៃ ចុះផ្សាយថា ជនជាតិថៃចំនួន៩នាក់ បានរត់ឆ្លងដែនចូលទឹកដីថៃ ដើម្បីអោយសមត្ថកិច្ច ជួយសង្រ្គោះ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយពួកគេអះអាងថា ត្រូវចាញ់បោកក្រុមបងធំ នាំអោយទៅធ្វើការ នៅក្នុងកាស៊ីណូខុសច្បាប់ នៅក្រុងប៉ោយប៉ែត និងសារព័ត៌មានមួយចំនួន ចុះផ្សាយពាក់ព័ន្ធ នឹងករណីជនជាតិថៃចំនួន ប្រាំបួននាក់ខាងលើ ។
ក្រោយពីទទួលព័ត៌មានផ្សព្វផ្សាយនេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សូម ជម្រាបជូនថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង១៩.០០នាទី ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួល នីតិវិធីពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញា រងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយជ័យ ដឹកនាំសមត្ថកិច្ចចំរុះ មានសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថក្រុង និង អាជ្ញាធរក្រុងប៉ោយប៉ែត ចុះដល់អាគារមួយកន្លែង ចំណុចអាគារថ្មី ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរកឃើញ ជនជាតិថៃ១៧នាក់ ស្រី១០នាក់ រួមជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត នឹងចុះត្រួតពិនិត្យ កន្លែងកើតហេតុករណី ឆេះបន្ទប់ដេក ស្នាក់នៅ របស់បុគ្គលិកលេខA7 ស្ថិតក្នុងអគារស្នាក់នៅក្នុងកាស៊ីណូពូលី មានទីតាំង ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលសង្ស័យពាក់ព័ន្ធនឹង ជនជាតិថៃ ចំនួន០៩នាក់ លួចឆ្លងដែនដោយខុសច្បាប់ ចូលប្រទេសថៃ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។
យោងតាមលទ្ធផលស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ របស់សមត្ថកិច្ចជំនាញ និងស្ដាប់ការបំភ្លឺរបស់អ្នកពាក់ព័ទ្ធ ជុំវិញរឿងហេតុខាងលើឃើញថា ជនជាតិថៃ០៩នាក់ បានឈ្លោះប្រកែកគ្នាដុតឆេះបន្ទប់ដេក និងបានប្រើអំពើហិង្សា លើសន្តិសុខ ពេលចូលឃាត ដោយខ្លាចសមត្ថកិច្ច ចាប់ខ្លួនមកអនុវត្តច្បាប់ ទើបនាំគ្នារត់គេចខ្លួន លោតផ្លោះរបង បន្លាលួស បណ្ដាលអោយមានរបួស ហើយបានលួចឆ្លងដែន ដោយខុសច្បាប់ចូលប្រទេសថៃ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៣ ។ ចំពោះការប្រើអំពើហិង្សា និងបង្ខាំងទៅលើជនជាតិថៃ០៩នាក់នោះ គឺសមត្ថកិច្ចរកពុំទាន់ឃើញ មានភស្តុតាង ពាក់ព័ន្ធដូចការចោទប្រកាន់ របស់សារព័ត៌មានថៃ បានចុះផ្សាយនោះទេ ។
អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មានក្នុងស្រុក-ក្រៅស្រុក និងអ្នកប្រើប្រាស់បណ្ដាញ ទំនាក់ទំនងសង្គម មេត្តាទទួលជ្រាបជាព័ត៌មាន ៕