ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាសតឿនឲ្យគ្រប់ស្ថាប័នរដ្ឋទាំងអស់ ត្រូវត្រួតពិនិត្យឲ្យល្អិតល្អន់លេីការរៀបចំរចនាសម្ព័ន្ធ ដើម្បីពង្រឹងស្ថាប័ន ជាពិសេសការជ្រើសរើសមន្ត្រីថ្មី ។
ការលើកឡើងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាស អញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារ ពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅពាណិជ្ជកម្មឆ្នាំ២០២៤ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ។
សម្តេចធិបតី បានលើកឡើងថា “ការពង្រឹងស្ថាប័នរដ្ឋ គឺកិច្ចការសំខាន់ ការជ្រើសរើសមន្ត្រីថ្មី ហើយជាពិសេសគឺការពិនិត្យកែសម្រួល រចនាសម្ព័ន្ធផ្ទៃក្នុងរបស់ស្ថាប័ន នេះគឺជាកិច្ចការសំខាន់ ដើម្បីយើងធានា” ។
សម្តេចបញ្ជាក់ថា “យើងត្រូវកែសម្រួល រចនាសម្ព័ន្ធឲ្យស្រប ជួនកាលស្ថាប័នមួយចំណុះឲ្យអង្គភាពរបស់យើងលែងមានតម្រូវការហើយ ភារកិច្ចកាលពីទស្សវត្សរ៍ទី៩០មាន តែឥឡូវវាអត់មាន តែតម្រូវការថ្មីវាមាន យើងកុំខ្លាចនៅក្នុងការកែសម្រួល ប្តូរវាទៅ” ។
សម្តេចធិបតី បន្តលើកឡើងថា “ខ្ញុំលើកទឹកចិត្តឲ្យក្រសួង ធ្វើការវាយតម្លៃ មិនមែនថាពីមុនអត់ដើរ អត់អីទេ ពីមុនក៏បានដើរ ប៉ុន្តែសួរថា ប្រសិទ្ធិភាពអស់នៅ? យើងអត់ដឹងទេ បើសិនជាយើងធ្វើការវិភាគហើយថា ល្មមហើយ យើងមិនបាច់ដូរក៏បានដែរ តែយ៉ាងហោចណាស់ ក៏ត្រូវមានការវិភាគ ពិនិត្យមើលទៅលើស្ថានភាពបច្ចុប្បន្ន ដើម្បីតម្រង់ទិសស្ថាប័ន ចឹងហើយការពិនិត្យវាយតម្លៃខ្លួនឯង បានន័យថា ធ្វើ Check Up (ត្រួតពិនិត្យ) ។
ក្នុងនោះសម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ““អាណត្តិនេះ គេហៅថាអាណត្តិពង្រឹង អាណត្តិពង្រឹង ជាជាងអាណត្តិពង្រីក ជាពិសេសស្ថាប័នរដ្ឋ ។ ពង្រឹងខ្លួនយើង Check Up កែសម្រួលយ៉ាងមិច ឬមួយពង្រឹងកន្លែងណាដែលត្រូវមាន ដើម្បីយើងមានទិសដៅដើរទៅមុខទៀត នេះជាកិច្ចការសំខាន់”៕