ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស សុខា ៖ ក្នុងនាមជាឈាមថ្មី នគរបាលបន្តវេន ត្រូវបំពេញភារកិច្ចឲ្យល្អ ដើម្បីផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់សិស្សនគរបាលជ័យលាភីទាំងអស់ នៃសាលានគរបាលជាតិភូមិភាគ៤ យកចិត្តទុកដាក់បំពេញការងារបម្រើជាតិ និងប្រជាពលរដ្ឋឲ្យបានល្អ ស័ក្ដិសមជាឈាមថ្មីដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ជ្រើសរើសយកមកចាក់បញ្ចូលក្នុងរដ្ឋបាលសាធារណៈ ដើម្បីបម្រើការងារក្នុងវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អប្រសើរ។

ក្នុងពិធីចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី ស សុខា មានប្រសាសន៍ថា «ក្នុងនាមជាឈាមថ្មី នគរបាលបន្តវេន ត្រូវបំពេញការងារប្រកបដោយគុណភាព ប្រកាន់ខ្ជាប់នូវការគោរវិន័យកងកម្លាំងនគរបាលជាតិ មានទំនាក់ទំនងល្អ និងជាទីកក់ក្ដៅរបស់ប្រជាពលដ្ឋ»។

ឈរលើមូលដ្ឋាននៃកំណែទម្រង់នគរបាលជាតិ លោកឧបនាយករដ្ឋមន្រ្តី បានជំរុញ និងលើកទឹកចិត្តដល់សិស្សនគរបាលដែលបញ្ចប់ការសិក្សា និងត្រៀមចេញទៅបំពេញការងារ ត្រូវប្រកាន់យកទស្សនៈ រៀនមួយជីវិត ដោយផ្សារភ្ជាប់ការងារជាក់ស្ដែងនៅក្នុងអង្គភាព និងជាមួយប្រជាពលរដ្ឋទៅនឹងទ្រឹស្ដី និងមេរៀនដែលបានសិក្សានៅសាលា ក្នុងនោះក៏ត្រូវអភិវឌ្ឍន៍សមត្ថភាពលើជំនាញឌីជីថល ដើម្បីជាជំនួយក្នុងការបំពេញការងារ ឆ្លើយតបបរិបទសង្គម និងគោលនយោបាយរាជរដ្ឋាភិបាលផងដែរ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្តី ស សុខា ក៏បានរំលឹកអំពីការបន្តយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងនោះក្រសួងមហាផ្ទៃ កំពុងអនុវត្តយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើកម្លាំងនគរបាលទូទាំងប្រទេស ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានប្រសាសន៍សង្កត់ធ្ងន់កាលពីពេលថ្មីៗនេះថា «ការបោសសម្អាតគ្រឿងញៀនលើកងកម្លាំងប្រដាប់អាវុធ ត្រូវអនុវត្តមុនគេ ហើយមន្ត្រីពាក់ព័ន្ធត្រូវតែបណ្តេញចេញពីក្របខណ្ឌភ្លាមៗ»៕

To Top