ព័ត៌មានជាតិ

វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិនខេត្តព្រះសីហនុ ត្រៀមខ្លួនរួចរាល់ដើម្បីបង្រៀនជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ

ភ្នំពេញ៖លោក ប៊ូ សំអាត នាយកវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិនខេត្តព្រះសីហនុ បានលើកឡើងថា វិទ្យាស្ថាន បានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកជាផ្លូវការវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។

លោកបានគូសបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មកទល់ថ្ងៃទី៤ មករា ២០២៤ នេះ វិទ្យាស្ថានបានទទួលយុវជនមកចុះឈ្មោះចូលរៀនបានចំនួន ៤៥២នាក់ ក្នុងនោះស្រី១៨១នាក់ លើជំនាញចំនួន ៩ មានដូចជា ការងារកំបោរ ការតបណ្តាញបំពង់ទឹក ការដំឡើងអគ្គិសនីក្នុងអាគារ ការថែទាំ និងជួសជុលរថយន្ត សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន ការផ្សារដោយធ្នូអគ្គិសនី សេវាកម្មកុំព្យូទ័រ សេវាកម្មសម្អាងកាយ និងការថែទាំ បរិក្ខាអេឡិចត្រូនិច។

លោកថា៖«វិទ្យាស្ថានសម្រេចយកជំនាញទាំង៩នេះគឺដោយសារក្នុងខេត្តមានតំបន់សេដ្ឋកិច្ចពិសេសស្រាប់ ដែលមានក្រុមហ៊ុនសហគ្រាសជាង១៧០កំពុងដំណើរការ ហើយកំពុងត្រូវការកម្លាំងពលកម្មលើជំនាញទាំងអស់នេះផងដែរ។ កត្តាទាំងនេះហើយទើបវិទ្យាស្ថានយកជំនាញគោលទាំង៩នេះមកស្វាគមន៍ថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈរបស់យើង»។

លោកបន្តថា វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិនខេត្តព្រះសីហនុ នឹងបើកថ្នាក់ដំបូងក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទៅដល់សិស្សដែលមានចុះឈ្មោះចូលរៀននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខ។ វិទ្យាស្ថានបានរៀបចំ ទាំងសម្ភារៈ ថ្នាក់រៀន រោងជាង បន្ទាប់ពិសោធន៍ គ្រូបណ្តុះបណ្តាលដែលពោរពេញទៅដោយសមត្ថភាព។

គូរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ដែលការបណ្តុះបណ្តាលនេះមានរយៈពេល៤ខែ សិក្សាដោយឥតគិតថ្លៃ ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់រៀនចប់៕

To Top