ព័ត៌មានជាតិ

សម្ដេចតេជោ៖ កម្ពុជាបានប្រែក្លាយ ពីវាលពិឃាត ទៅជាទឹកដីដ៏ស្រស់បំព្រង ប្រកបដោយសន្ដិភាព និងការអភិវឌ្ឍ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា កម្ពុជា កាលពីមុនកើតមានសង្គ្រាមមិនចេះចប់ បច្ចុប្បន្នបានប្រែក្លាយទៅជា ទឹកដីដ៏ស្រស់បំព្រង ប្រកបដោយសន្ដិភាព សេរីភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយប្រជាជន ធ្វើជាម្ចាស់លើជោគវាសនា របស់ខ្លួន។

ក្នុងពិធីអបអរសាទរខួប៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការពិតជាក់ស្តែងបានបង្ហាញច្បាស់ថា រយៈពេល ៤៥ឆ្នាំ កន្លងទៅនេះ បន្ទាប់ពីជ័យជម្នះលើរបប ប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជាបានសម្រេចនូវការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅដែលពុំនឹកស្មានដល់ ជាពិសេស ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ បន្ទាប់ពីកម្ពុជា មានសន្តិភាពពេញលេញ។

សម្ដេចតេជោ គូសបញ្ជាក់ថា «កម្ពុជាដែលពីមុនកើតមាន សង្គ្រាមមិនចេះចប់ និងជាទឹកដីនៃវាលពិឃាតដ៏យង់ឃ្នងបំផុត បានប្រែក្លាយទៅជាទឹកដីដ៏ស្រស់បំព្រងប្រកបដោយសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ប្រជាជនបានធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន ហើយកំពុងរស់នៅយ៉ាងសុខសាន្ត សុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ និងសង្គមជាតិទាំងមូល»។

សម្ដេចតេជោ បន្ដថា កម្ពុជាដែលខឿនសេដ្ឋកិច្ច សង្គម ត្រូវបំផ្លាញខ្ទេចខ្ទីដល់ឬសគល់ បានក្លាយជាទឹកដីដែលមានការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយចីរភាព និងសមធម៌ ហើយបានចេញផុតពីប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ធ្វើឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង និងមានក្តីសង្ឃឹមចំពោះអនាគត។

សម្ដេចប្រធានគណបក្ស បានបន្ថែមទៀតថា កម្ពុជាដែលធ្លាប់តែត្រូវគេឈ្លានពាន ប្រមាថ ត្រូវគេហ៊ុមព័ទ្ធ និងឯកោ ឥឡូវនេះ គឺជារដ្ឋមួយដែលមានឯករាជ្យអធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ បានធ្វើសមាហរណកម្មខ្លួនទៅក្នុងតំបន់ និងពិភពលោក ហើយបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងរាល់កិច្ចការអន្តរជាតិ ដោយស្មើភាព និងស្មើសិទ្ធិ ធ្វើឱ្យកិត្យានុភាពជាតិបានលេច ត្រដែតលើផ្ទៃរាបអន្តរជាតិ។ ព្រមជាមួយនេះ កម្ពុជាដែលត្រូវមជ្ឈដ្ឋានខាងក្រៅវាយតម្លៃថា ជាប្រទេសមានខឿន សុខាភិបាលទន់ខ្សោយនោះ បានខិតខំពង្រឹងខឿនការពារសុខភាពរបស់ប្រជាជន ហើយបានក្លាយជាប្រទេស ឈានមុខមួយនៅលើពិភពលោកក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ការពារបាននូវអាយុជីវិតរបស់ប្រជាជន៕

To Top