ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា «១៩៧៩-២០២៤»

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៤ នេះ នៅបរិវេណវិមានឯករាជ្យ ក្នុងក្រុងកំពង់ចាម បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា «១៩៧៩-២០២៤» ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម ជាច្រើនរូបទៀត ។

ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ជ័យជម្នះ ៧ មករា បានសង្គ្រោះអាយុជីវិតប្រជាជនដែលនៅសេសសល់ពីការកាប់សម្លាប់បានទាន់ពេលវេលា, បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវបាត់បង់ទាំងស្រុង ក្នុងរបប ប៉ុល ពត , បានធ្វើឲ្យរាល់តម្លៃទាំងខាងស្មារតី និងសម្ភារៈរបស់ប្រជាជាតិខ្មែរ ដែលត្រូវបានកសាងនៅក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយរបស់ខ្លួននោះ បានរស់ឡើងវិញ។ ជ័យជម្នះ ៧មករា បានផ្តល់កំណើតទីពីរដល់ប្រជាជនកម្ពុជាគ្រប់រូប និងបានផ្ដល់ក្ដីសង្ឃឹមចំពោះអនាគតរបស់ប្រទេសជាតិ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រដែលគ្មានកម្លាំងណាអាចមកបំភ្លៃ បំផ្លើសនិងបំផ្លាញបានឡើយ ។

លោកអភិបាលខេត្ត បានបន្តថា ក្រោយថ្ងៃរំដោះ ៧មករា ទន្ទឹមនឹងការសប្បាយរីករាយចំពោះការរស់ឡើងវិញរបស់ជាតិ កម្ពុជាត្រូវប្រឈមនឹងឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនា ដែលបណ្តាលមកពីការគំរាមកំហែង និងការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ កាកសំណល់នៃសង្គ្រាមបំផ្លិចបំផ្លាញ ដែលមាននៅគ្រប់ទិសទី និងផលវិបាកយ៉ាងធ្ងន់ធ្ងរលើគ្រប់វិស័យដែលបន្សល់ទុកពីរបបប្រល័យពូជសាសន៍ប៉ុល ពត ។

ក្នុងដំណាក់កាលដ៏សែនលំបាកជាទីបំផុត ដែលត្រូវដឹកនាំស្ដារសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាជនពីលេខសូន្យ និងពីបាតដៃទទេ និងត្រូវប្រយុទ្ធទប់ស្កាត់ មិនឲ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត វិលមកលើទឹកដីកម្ពុជាសារជាថ្មីវិញ កម្ពុជាក៏ត្រូវបានប្រទេសមួយចំនួនហ៊ុមព័ទ្ធទាំងខាងនយោបាយ និងសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌ថែមទៀតផង។

ផ្តើមពីជ័យជម្នះជាប្រវត្តិសាស្ត្រ ៧ មករា កម្ពុជា បាននឹងកំពុងឈានឆ្ពោះទៅមុខតាមទិសដៅដ៏ត្រឹមត្រូវដែលស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជនកម្ពុជា ទោះបីជាត្រូវជួបនឹងការលំបាក និងភាពបត់បែនយ៉ាងច្រើនក្តី តែកម្ពុជាមានភព្វសំណាងដ៏ធំធេង ដែលមានសម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសន៍ឯក បានដឹកនាំប្រទេសជាតិទទួលបាននូវឯកភាពទឹកដី បង្រួបបង្រួមជាតិ មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរាល់សមិទ្ធផលជាច្រើនលើគ្រប់វិស័យ។

កម្ពុជា បានបោះជំហានទៅមុខមួយជំហានម្តងៗ ឆ្ពោះទៅសម្រេចបានសមិទ្ធផលលើគ្រប់វិស័យ និងរីកចម្រើនរបស់ប្រជាជាតិខ្មែរទាំងមូល។ ទាំងអស់នេះ ជាការផ្លាស់ប្តូរដ៏ធំធេងជាប្រវត្តិសាស្ត្រ នៃកម្ពុជាក្នុងរយៈពេលជាង ៤ទសវត្សរ៍ចុងក្រោយនេះ ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ពីការចូលរួមដោយទឹកចិត្តស្នេហាជាតិដ៏ពុះពោររបស់ប្រជាជនគ្រប់ស្រទាប់ គ្រប់ជនជាតិ គ្រប់ជំនឿសាសនា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កសិករ កម្មករ អាជីវករ ពលករទូទៅ និងគ្រប់មជ្ឈដ្ឋាននានាក្នុងសង្គម ក្នុងដំណើរការស្តារ កសាង និងការពារមាតុភូមិ ព្រមទាំងការជួយឧបត្ថម្ភដ៏ស្មោះសពីសំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អន្តរជាតិផងដែរ ៕

To Top