ព័ត៌មានជាតិ

មជ្ឈមណ្ឌល​ បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ខេត្ត​រតនគិរី ទទួល​បាន​យុវជន​ មកពី​គ្រួសារ​ក្រីក្រ ​ជាង២០០នាក់ ចុះឈ្មោះចូលរៀន

ភ្នំពេញ៖លោក សែម ប៉ាត នាយកនៃមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តរតនគីរី បានបញ្ជាក់​ពីការ​ត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈយុវជនជាង ២០០នាក់បានចុះឈ្មោះចូលរៀន។

ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១.៥ លាននាក់នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលបានទទួលយុវជនមកចុះឈ្មោះចូលរៀនបានចំនួន ២៤០នាក់​ ស្រី ៩៧នាក់ លើជំនាញចំនួន ៥ ដែលជាជំនាញមានតម្រូវការទីផ្សាការងារខ្ពស់ តាមបណ្តាក្រុមហ៊ុនសហគ្រាស និងមានប្រាក់ចំណូលសមរម្យនាពេលបច្ចុប្បន្ននេះ។

លោក សែម ប៉ាត បន្ថែមថា «មជ្ឈមណ្ឌលត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលសិស្សចូលរៀននៅថ្ងៃទី១៥ ខែមករា ខាងមុននេះ»។ បន្ថែមពីនេះ លោក ក៏បានត្រៀមគ្រូបង្រៀនជំនាញ បន្ទប់អនុវត្តន៍ និងសម្ភារៈបច្ចេកទេសផ្សេងៗទៀត។

លោកបានអំពាវនាវឱ្យយុវជនទាំងអស់ មកចុះឈ្មោះចូលរៀនជំនាញរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដើម្បីមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត មានការងារ និងប្រាក់ចំណូលសមរម្យ ក្នុងការសម្រួលជីវភាពគ្រួសារនិងកំណើនសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ឱ្យអនុវត្តជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១លាន ៥សែននាក់ ដែលមានរយៈពេល ៤ខែ សិក្សាដោយឥតគិតថ្លៃ ម្យ៉ាងវិញទៀត យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់បញ្ចប់ការសិក្សា៕

To Top