ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី សាទរចំពោះការបង្កើតគម្រោង សារមន្ទីរនិម្មិតបច្ចេកវិទ្យា 3D ដំបូងគេបង្អស់ នៅកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសាទរចំពោះ ក្រុមហ៊ុន Puy Du Fou Asia ក្នុងការបង្កើតគម្រោង “Immersive Angkor”​ ដែលជាសារមន្ទីរនិម្មិតបច្ចេកវិទ្យា 3D ដំបូងគេបង្អស់នៅកម្ពុជា ។

ការសម្តែងនូវការអបអរសាទរ របស់សម្តេចនាយករដ្ឋមន្ត្រី ខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេចអនុញ្ញាតឱ្យលោក Geoffrey LADET នាយកប្រតិបត្តិក្រុមហ៊ុន Puy Du Fou Asia ចូលជួបសម្តែងការគួរសម កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងឱកាសនៃជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានលើកឡើង អំពីវឌ្ឍនភាពរីកចម្រើន នៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Puy Du Fou Asia នៅក្នុងប្រទេសកម្ពុជា និងឲ្យដឹងអំពីគម្រោង “Immersive Angkor” ដែលជាគម្រោងប្រកបដោយ លក្ខណៈវិទ្យាសាស្រ្ត ដោយប្រើប្រាស់ប្រព័ន្ធ 3D Data Scanning សម្រាប់បង្ហាញ និងផ្តល់ចំណេះដឹង អំពីវប្បធម៌នៅកម្ពុជា ។ គម្រោង “Immersive Angkor” គឺជាសេវាបំពេញបន្ថែម លើវិស័យទេសចរណ៍ ក្រៅពីការទស្សនាប្រាង្គប្រាសាទបុរាណ និងតំបន់វប្បធម៌នានានៅកម្ពុជា ហើយគម្រោងនេះគ្រោងនឹងចាប់ផ្ដើម នាពេលឆាប់ៗខាងមុខនេះ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវការគាំទ្រ ព្រមទាំងបានគូសបញ្ជាក់ថា “Immersive Angkor”នេះ ជាគម្រោងដ៏ល្អប្រសើរ ដែលនឹងជួយពង្រីកការយល់ដឹងដល់យុវជនកម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យយល់ច្បាស់បន្ថែមទៀតអំពីវប្បធម៌ និងអរិយធម៌ខ្មែរ ដោយប្រើពេលវេលាខ្លី និង អាចផ្តល់នូវភាពងាយស្រួល សម្រាប់មជ្ឈដ្ឋានទូទៅ ក្នុងការស្វែងយល់អំពីវប្បធម៌ និងអរិយធម៌ ខ្មែរ ផងដែរ ៕

To Top