ព័ត៌មានជាតិ

ក្រុមហ៊ុន HawkEye 360 Inc មានគម្រោងវិនិយោគ លើបច្ចេកវិទ្យាព័ត៌មាន លំហភូមិសាស្រ្ត នៅកម្ពុជា

ភ្នំពេញ៖ លោក John Serafini នាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc មានគម្រោងវិនិយោគនៅក្នុងប្រទេសកម្ពុជា លើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត ។

ការបង្ហាញបំណងខាង របស់ថ្នាក់ដឹកនាំ ក្រុមហ៊ុន ក្នុងឱកាស សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាត ឱ្យនាយកប្រតិបត្តិក្រុមហ៊ុន  HawkEye 360 Inc ចូលជួបសម្តែងការគួរសម នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។

ក្នុងឱកាសនៃជំនួប លោក John Serafini បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាត ឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជម្រាបជូនអំពីសកម្មភាពអាជីវកមុ្មរបស់ក្រុមហ៊ុន HawkEye 360 Inc ចាប់តាំងពីពេលបង្កើតឡើង រហូតមកដល់ទទួលបានជោគជ័យ ដូចពេលបច្ចុប្បន្ន ។

ទន្ទឹមនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc ក៏បានជម្រាបជូន សម្តេចធិបតី អំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា លើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត (geospatial information solution) ផងដែរ ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះជំនួបជាមួយ លោកនាយកប្រតិបត្តិក្រុមហ៊ុន និងបានបង្ហាញនូវភាពរីករាយ ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការចូលរួមសហការវិនិយោគ ជាមួយក្រុមហ៊ុនដៃគូក្នុងស្រុក ដោយបានលើកទឹកចិត្ត​ឱ្យ ក្រុមហ៊ុនបន្តសិក្សាលទ្ធភាពនៅក្នុងការវិនិយោគ លើបច្ចេកវិទ្យាព័ត៌មាន លំហភូមិសាស្រ្តនេះ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន HawkEye 360 Inc ជាំក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត ដែលត្រូវបានបង្កើតឡើង នៅឆ្នាំ២០១៥ ៕

To Top