ព័ត៌មានជាតិ

កម្ពុជា-អ៊ីរ៉ង់ ប្ដេជ្ញាជំរុញលំហូរទេសចរ ទៅវិញទៅមក ឲ្យកាន់តែប្រសើរឡើង

ភ្នំពេញ៖ កម្ពុជា-អ៊ីរ៉ង់ ប្ដេជ្ញាជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ប្រទេសទាំងពីរប្រកបដោយនិរន្តរភាព និងភាពធន់ ជាពិសេសជំរុញលំហូរទេសចរទៅវិញទៅមកឲ្យកាន់តែប្រសើរឡើង។

ការប្ដេជ្ញាចិត្តនេះធ្វើឡើងក្នុងជំនួបរវាង លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ALI AKBAR NAZARI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីរ៉ង់ ប្រចាំកម្ពុជា នាថ្ងៃទី១៧ ខែមករា ដើម្បីពិភាក្សាអំពីកាលានុវត្តភាព សម្រាប់កិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរបន្ថែមទៀត ។

ក្នុងជំនួបនេះដែរ ភាគីទាំងពីរបានប្ដេជ្ញាចិត្ត ក្នុងការជំរុញការអភិវឌ្ឍ វិស័យទេសចរណ៍នៃប្រទេសទាំងពីរប្រកបដោយនិរន្តរភាព និងភាពធន់ ក៏ដូចជាការពង្រឹងសមត្ថភាពប្រកួតប្រជែង និងការជំរុញលំហូរទេសចរ នៃប្រទេសទាំងពីរទៅវិញទៅមកឲ្យកាន់តែប្រសើរឡើង។

លោកទូតអ៊ីរ៉ង់ ក៏បានធ្វើការកោតសរសើរ ពីបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ និងរាក់ទាក់ពីសំណាក់ប្រជាជនកម្ពុជា ដែលភ្ញៀវទេសចរអ៊ីរ៉ង់ ទទួលបានក្នុងអំឡុងពេលមកទស្សនា នៅកម្ពុជានាពេលកន្លងមក ៕

To Top