ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ចុះលើកទឹកចិត្ត កសិករ ធ្វើស្រែប្រាំង នៅតំបន់២និងតំបន់៣ ក្នុងឃុំកញ្ជរ ស្រុកកណ្តៀង

ពោធិ៍សាត់៖ លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៤បានដឹកនាំមន្ត្រីជំនាញ ក្រោមឱវាទចុះអន្តរាគមន៍បូមទឹកពីទន្លេសាប និង ស្ទឹង បញ្ចូលស្រែប្រាំងលើកទី ១ របស់ប្រជាកសិករនៅក្នុងតំបន់ ២ និង តំបន់ ៣(ធ្វើស្រែបណ្តេញទឹក)ក្នុងមូលដ្ឋានឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ដែលកំពុងខ្វះខាតទឹកចំនួន ៤២៥ ហិចតា ស្មើរនឹង ១០០ គ្រួសារ។

ថ្លែងទៅកាន់ប្រជាកសិករនាពេលនោះ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកទឹកចិត្តដល់ប្រជាកសិករ និង មានប្រសាសន៍ថា ជាការពិតណាស់ប្រជាកសិកររស់នៅតំបន់ ២ និង តំបន់ ៣ នេះ ជារៀងរាល់ឆ្នាំគឺតែងតែប្រឈមនូវបញ្ហាទឹកជំនន់នៅរដូវវស្សា តែនៅរដូវប្រាំងនេះវិញក៍ប្រឈម នឹង កង្វះខាតទឹកដោយសារតែទំនប់ស្ទាក់ទឹកដំណាក់អំពឹល និង ទំនប់ចរឹកត្រូវបានបិទស្តុបទុកសម្រាប់ចែកចាយដល់ប្រជាកសិករនៅប៉ែកខាងលើគឺនៅមូលដ្ឋានស្រុកបាកាន និង ស្រុកកណ្តៀងហើយមិនអាចហូរមកប៉ែកខាងក្រោមបាននោះ ទើបប្រជាកសិករស្រុះស្រួលគ្នាចូលរួមថវិកា និង សម្ភារះដើម្បីជីកបើកផ្លូវទឹក នាំទឹកពីបឹងទន្លេសាប តាមស្ទឹងពោធិ៍សាត់មកស្រោចស្រប់ស្រែប្រាំង របស់ខ្លួនដែលកំពុងកង្វះខាតទឹក ជាចាំបាច់ចំនួន ៤២៥ ហិចតា ស្មើរនឹង ១០០ គ្រួសារ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្តពោធិ៍សាត់ ក៍បានផ្តល់ប្រេងចំនួន ៥០០លីត្រ ជូនប្រជាកសិករដើម្បីជាការលើកទឹកចិត្ត និង ជួយកាត់បន្ថយ នូវ ការចំណាយរបស់ប្រជាកសិករដែលកំពុងខ្នះខ្នែងបូមយកទឹកពីទន្លេសាបដើម្បីយកមកស្រោចស្រប់ ស្រែប្រាំងលើកទី១ (ស្រូវបណ្តេញទឹក) របស់ខ្លួនក្នុងតំបន់២ និង តំបន់៣នេះ។

នារសៀលថ្ងៃដដែលនោះដែរ លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់ក៍បានអមដំណើរលោកទេសរដ្ខមន្ត្រីគន់ គីម អនុប្រធានទី១ គណះកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចុះត្រួតពិនិត្យការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករដែលកំពុងខ្វះខាតទឹកនៅក្នុងតំបន់មួយចំនួន នៃ មូលដ្ឋានស្រុកបាកានផងដែរ៕

To Top