ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា គណបក្សប្រជាជនកម្ពុជា មិនជ្រើសរើសប្រទេសណា មួយនោះទេ ពោល គឺគណបក្ស ប្រជាជនកម្ពុជា ចាត់ទុកប្រទេសទាំងអស់ ជាមិត្តដូចគ្នា បើទោះបីជាបច្ចុប្បន្នតំបន់អាស៊ាន បានក្លាយជាទីលាន ដ៏ក្តៅគគុក ក្នុងការប្រកួតប្រជែងគ្នា រវាងប្រទេសមហាអំណាច នៅលើពិភពលោកក៏ដោយនោះ។
ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាស សម្ដេចអញ្ជើញចូលរួមកិច្ចពិភាក្សា តុមូលអន្តរគណបក្ស ក្រោមប្រធានបទ «តួនាទីគណបក្សនយោបាយរុស្ស៊ី និងបណ្ដាប្រទេសអាស៊ាន ក្នុងការបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មី ប្រកបដោយយុត្តិធម៌» តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ។
ក្នុងកិច្ចពិភាក្សានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ នៅក្នុងការផ្សាយផ្ទាល់តាមប្រព័ន្ធវីដេអូថា ការរៀបចំកិច្ចពិភាក្សាតុមូលអន្តរគណបក្ស នាពេលនេះគឺមានសារ:សំខាន់យ៉ាងខ្លាំងណាស់ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយនានា ដែលបានកើតឡើងទាំងក្នុងតំបន់ និងពិភពលោក។
សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់បណ្តាគណបក្ស នយោបាយទាំងអស់ ត្រូវប្រកាន់ ឲ្យបានខ្ជាប់ខ្ជួន នូវច្បាប់អន្តរជាតិ និងត្រូវប្រកាន់ខ្ជាប់នៃការរកដំណោះស្រាយ ដោយសន្តិភាព ខណៈសង្រ្គាមមិន អាចបញ្ចប់ដោយសង្រ្គាមបាននោះទេ ៕