ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានប្រារព្ធពិធីប្រគល់ សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិប៊ែលធី ជូនដល់សិស្សប៊ែលធី ថ្នាក់ទី១២ ជំនាន់ទី១៨ ដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ចំនួន ២,១១២នាក់ នៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ) ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌល រាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកស្រី ។

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅបានឱ្យដឹងថា ៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន ២៩សាខា (២៦សាខា កំពុងដំណើរការ និង ៣សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៨៩៦នាក់ (នារី ១,១០៨នាក់) និងមានសិស្សានុសិស្សកំពុងសិក្សា សរុបចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់) ។

លោកបន្តថា គិតត្រឹមឆ្នាំសិក្សា២០២២-២០២៣ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី១២ ដែលបានប្រឡងបញ្ចប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១៨,៩៣៥នាក់ (ដប់ប្រាំបីពាន់ ប្រាំបួនរយសាមសិបប្រាំនាក់) ក្នុងនោះ ជាប់ ១៦,៥១២នាក់ (ដប់ប្រាំមួយពាន់ ប្រាំរយដប់ពីរនាក់) ស្មើនឹង ៨៧.២០% និងមានសិស្សនិទ្ទេសA ចំនួន ៣៩៧នាក់ សិស្សពូកែទូទាំងរាជធានី ចំនួន ១១៦នាក់ និងទូទាំងប្រទេស ចំនួន ៣១នាក់ ។ ចំពោះសិស្សដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងទទួលបានសញ្ញាបត្រចំនួនពីរ ៖ ១-ចេញដោយ សាលា ប៊ែលធី អន្តរជាតិ និង ២-ចេញ ដោយក្រសួងអប់រំ យុវជន និងកីឡា ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវែបសាយ របស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិ សម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ ។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំយកចិត្តទុកដាក់ប្រឹងប្រែង សិក្សារៀនសូត្ររយៈពេល ១២ឆ្នាំកន្លងមកនេះ ជាពិសេសគោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលនេះ ។

ជាមួយនឹងជោគជ័យរបស់ក្មួយៗ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណ ចំពោះមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ដែលបានផ្តល់ឱកាស និងជំរុញកូនៗឱ្យសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ និងគោរព វិន័យសាលា ព្រមទាំងសហការយ៉ាងជិតស្និត ជាមួយគណៈគ្រប់គ្រង នៅតាមបណ្តាសាខានៃសាលា ប៊ែលធី អន្តរជាតិ ។

លោកបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ បន្តការសិក្សារៀនសូត្របន្ថែមទៀត នៅថ្នាក់ ឧត្តមសិក្សា ដោយធ្វើការជ្រើសរើសនូវមុខវិជ្ជាណា ដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីធ្វើជាអាជីពខ្លួនឯងទៅថ្ងៃអនាគត និងប្រកួតប្រជែងដណ្តើមទីផ្សារ ការងារជាមួយ បណ្តាយុវជនទាំងអស់ ទាំងក្នុងតំបន់អាស៊ាន និងពិភពលោក ជាពិសេស ដើរឱ្យទាន់នូវការរីកចម្រើន ផ្នែកបច្ចេកវិទ្យា សម័យបដិវត្តឧស្សាហកម្ម៤.០ ។

ជាទីបញ្ចប់ លោកបណ្ឌិត និង លោកស្រី បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់សិស្ស ជ័យលាភីទាំង ២,១១២នាក់ នាពេលនោះផងដែរ៕



















