ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ៣ នាក់​ ពាក់ព័ន្ធករណីហឹង្សា ដោយចេតនា កាប់ជនរងគ្រោះម្នាក់ រងរបួសធ្ងន់នៅស្រុកបាកាន

ពោធិ៍សាត់៖ ជនសង្ស័យ ៣ នាក់ត្រូវបានកម្លាំងនគរបាលស្រុកបាកាន ស្រាវជ្រាវកំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួន​ កាលពីថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៤ ​ក្រោយជនសង្ស័យទាំងនោះ បានធ្វើសកម្មភាពជិះម៉ូតូដេញកាប់​ ជនរងគ្រោះ​ជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ ៥ ​រងរបួសធ្ងន់​ ស្ថិតនៅភូមិក្តីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

បើតាមរបាយការណ៍ របស់ផែនការងារនគរបាលព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ បានអោយដឹងថា ជនសង្ស័យទាំង ៣ នាក់ដែលសមត្ថកិច្ចនគរបាលស្រាវជ្រាវ ឃាត់ខ្លូនបាននោះមាន:១-ឈ្មោះកប សុខជីន ភេទប្រុសអាយុ ២០ ឆ្នាំ រស់ នៅភូមិក្រញុំា ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ២-ឈ្មោះរ៉ា សុងឡាយ ភេទប្រុសអាយុ ១៤ ឆ្នាំ រស់នៅភូមិ ត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន និង ទី ៣ ឈ្មោះព្រីម ដេត ភេទប្រុសអាយុ ១៥ ឆ្នាំរស់នៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ចំណែកជនរងគ្រោះមានឈ្មោះឈីន សំណាង ភេទប្រុសអាយុ ២០ ឆ្នាំ រស់នៅភូមិភ្លៅមាន់ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
បច្ចុប្បន្នជនសង្ស័យ ទាំង ៣ នាក់រួម និង វត្ថុតាងមានកាំបិត និង ម៉ូតូជិះធ្វើសកម្មភាពបង្កហឹង្សា ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

To Top