ព័ត៌មានជាតិ

រថយន្តធុនធំគ្រប់ប្រភេទ ត្រូវផ្អាកធ្វើចរាចរណ៍ ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវលេខ៣១២ ក្នុងស្រុកព្រះស្តេច

ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានប្រកាសផ្អាកធ្វើចរាចរណ៍ ជាបណ្តោះអាសន្ន ចំពោះយានយន្តធុនធំគ្រប់ប្រភេទ ដែលមានទម្ងន់សរុបលើសពី ១៦តោន លើកំណាត់ផ្លូវខេត្តលេខ៣១២ ចាប់ពី គីឡូម៉ែត្រ ២៨+៣៤៨ ដល់ ២៨+៣៧២ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវង ។

ការផ្អាកនេះ ដោយសារកំណាត់ផ្លូវខាងលើ ត្រូវធ្វើការស្ថាបនា និងពង្រីកផ្លូវបន្ថែម ។

ក្នុងសេចក្តីជូនដំណឹង របស់ក្រសួងសាធារណការ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលប្រាក់កម្ចីសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈគម្រោងលេខ 4119-CAM (COL) ដើម្បីធ្វើការស្ថាបនា និងពង្រីកផ្លូវខេត្តលេខ៣១២ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរក្នុងតំបន់ ការដឹកជញ្ជូនទំនិញ និងកសិផលរបស់ប្រជាពលរដ្ឋ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារនៅព្រំដែន វៀតណាម និងការធ្វើដំណើរ របស់ប្រជាជនទៅកាន់មន្ទីរពេទ្យ និងសិស្សានុសិស្សទៅសាលារៀន ឲ្យកាន់តែងាយស្រួលថែមមួយកម្រិតទៀត។

បច្ចុប្បន្នក្រុមហ៊ុនម៉ៅការ កំពុងចាប់ផ្ដើមការងារស្ថាបនាផ្លូវខេត្តលេខ៣១២ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ចាប់ពីគីឡូម៉ែត្រ ២៧+៨៥០ ដល់ ២៨+៣៧២ ។ ដោយនៅត្រង់ចំណុចច្រកទ្វារឆ្លងកាត់ព្រំ ដែនអន្តរជាតិបន្ទាយចក្រី នៃផ្លូវខេត្តលេខ៣១២ ចាប់ពីគីឡូម៉ែត្រ ២៨+៣៤៨ ដល់ ២៨+៣៧២ នឹងត្រូវសាងសង់ក្រាលបេតុង សរសៃដែកនៅគន្លងផ្លូវម្ខាងម្តង និងទុកគន្លងផ្លូវម្ខាងដែលមានប្រវែង ៤ ម៉ែត្រ សម្រាប់ធ្វើចរាចរណ៍ ដែលអាចធ្វើដំណើរ បានត្រឹមតែទោចក្រយានយន្ត ត្រីចក្រយានយន្ត រថយន្តធុនតូចនិងរថយន្តដឹកទំនិញ ក្រោមទម្ងន់១៦តោនតែប៉ុណ្ណោះ៕

To Top