ព័ត៌មានជាតិ

សម្តេចធិបតី ណែនាំឱ្យពិនិត្យមើលឡើងវិញ ពីការផ្សព្វផ្សាយគ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយ នៅលើផ្ទាំងប៉ាណូ តាមទីសាធារណៈ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធនានា ពិនិត្យមើលឡើងវិញ អំពីការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយ នៅលើផ្ទាំងប៉ាណូ តាមទីសាធារណៈ។

គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីគ្រឿងស្រវឹង មួយរយៈពេលចុងក្រោយនេះ បានបង្ហាញអំពីសញ្ញាណមួយដ៏គួរឲ្យព្រួយបារម្ភ ភាគច្រើនបណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត និងរបួសជាច្រើននាក់។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលសម័យប្រជុំ ពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំ ឱ្យអាជ្ញាធរពាក់ព័ន្ធនានា ពិនិត្យមើលឡើងវិញ អំពីការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយ នៅលើផ្ទាំង ប៉ាណូ តាមទីសាធារណៈ ដោយត្រូវកម្រិត ឱ្យបានសមរម្យដើម្បី រួមចំណែកក្នុងការកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយសារ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។

សម្តេចធិបតី ក៏បានណែនាំ ឱ្យក្រសួងព័ត៌មាន សហការជាមួយក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ដឹកនាំ បង្កើតក្រមប្រតិបត្តិមួយជាក់លាក់ ដើម្បីអនុវត្ត ចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។

នាឱកាសនោះដែរ សម្តេចធិបតី បានណែនាំឱ្យរាជធានី-ខេត្តទូទាំងប្រទេស យកចិត្តទុកដាក់ខ្ពស់លើការងារព័ត៌មាននិង សាធារណៈមតិ ជាពិសេសមន្ទីរព័ត៌មាន ត្រូវពង្រឹងតួនាទី របស់ខ្លួនដើម្បីជាសេនាធិការ របស់រដ្ឋបាលរាជធានី-ខេត្តក្នុង គោលបំណងផ្សព្វផ្សាយ សមិទ្ធផលការងាររបស់ខ្លួន ឱ្យប្រជាពលរដ្ឋបានជ្រាបកាន់តែទូលំទូលាយ ៕

To Top