ភ្នំពេញ៖ បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរជាច្រើន បានសម្តែងការពេញចិត្ត ចំពោះគោលនយោបាយ របស់រដ្ឋាភិបាល ក្នុងការដាក់ឱ្យអនុវត្ត របបសន្តិសុខសង្គមផ្នែក ថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស (បេឡាជាតិសន្តិសុខសង្គម) ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ ក៏បានមើលឃើញពីគុណប្រយោជន៍ នៃការប្រើប្រាស់បណ្ណប.ស.ស ដែលធ្វើឱ្យសេដ្ឋកិច្ច ក្នុងគ្រួសាររបស់ពួកគាត់ មានភាពលំនឹង។

នេះជាប្រសាសន៍លើកឡើង របស់លោកហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

លោកហេង សុផាន់ណារិទ្ធ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស មានសមាជិកគោលដៅសរុបចំនួន១៣៥ ៣៤១នាក់ (ស្រី៨៣២ ៤៦នាក់) ក្នុងនោះបុគ្គលស្វ័យ និយោជន៍ចំនួន១១៦ ០៧០នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន១៩២ ៧១នាក់។

អគ្គនាយករង ប.ស.ស រូបនេះបន្ថែមថា ដោយទទួលការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ ការទៅទទួលសេវាព្យាបាលនៅមូលដ្ឋានសុខាភិបាល និងវេជ្ជសាស្ត្រក៏មានច្រើនផងដែរ ។ ជាក់ស្តែងគិតត្រឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ សមាជិក ប.ស.ស បានទៅទទួលសេវាព្យបាល នៅមូលដ្ឋានសុខាភិបាល មានសរុបចំនួន៧៤៥ ៧៦ករណី ក្នុងនោះបុគ្គលស្វ័យនិយោជន៍ចំនួន៧៣១ ៨៤ករណី និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន១៣៩២ករណី ហើយបើគិត ចំពោះការចំណាយទៅលើ មូលដ្ឋានសុខាភិបាល វិញអស់ប្រមាណ៣៥ម៉ឺនដុល្លារអាមេរិក ។
គួរបញ្ជាក់ថា ការចុះឈ្មោះជាសមាជិក ប.ស.ស ក្នុងការអនុវត្តរបបសន្តិសុខ សង្គមផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស មានការបង់ភាគទានត្រឹមតែ១៥៦០០រៀលប៉ុណ្ណោះក្នុងមួយខែ។ ប្រជាពលរដ្ឋជាសមាជិក នឹងទទួលបានការព្យាបាលជំងឺ ដោយមិនគិតថ្លៃនៅតាមបណ្តាមន្ទីរពេទ្យ ឬមូលដ្ឋានសុខាភិបាលដៃគូ របស់បេឡាជាតិសន្តិសុខសង្គម ។

លោកហេង សុផាន់ណារិទ្ធ បានបញ្ជាក់ផងដែរថា សម្រាប់ផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២៤-២០២៨ បេឡាជាតិសន្តិសុខសង្គម នឹងពង្រីកវិសាលភាព ទៅកាន់ប្រជាពលរដ្ឋ ចំនួន៦៧ម៉ឺននាក់ក្នុងមួយឆ្នាំ គោលដៅចំបងទី១ ចំនួន៣លាននាក់ និងគោលដៅធំបំផុត ដើម្បីឈានដល់ការគ្របដណ្តប់ លើសុខភាពជាសកល គឺចំនួន៩លាននាក់ ៕

