ព័ត៌មានជាតិ

រដ្ឋលេខាធិការ ក្រសួងអប់រំ ៖ ធនធានមនុស្សជំនាន់ក្រោយ គួរតែត្រៀមខ្លួនឲ្យហើយ ដើម្បីសម្រេចបាននូវចក្ខុវិស័យ សម្រាប់ឆ្នាំ ២០៣០

កំពង់ចាម ៖ រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា លោក ណាត ប៊ុនរឿន បានថ្លែងថា ធនធានមនុស្សជំនាន់ក្រោយ គួរតែត្រៀមខ្លួនឲ្យហើយ ដើម្បីសម្រេចបាននូវចក្ខុវិស័យសម្រាប់ឆ្នាំ ២០៣០ ដើម្បីក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

លោករដ្ឋលេខាធិការ បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០២៤ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវបន្ទប់កុំព្យូទ័រ ICT ចំនួន ៤៨បន្ទប់ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ មានទីតាំងស្ថិតនៅភូមិទី ៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម សម្រាប់សិស្សមធ្យមសិក្សាបឋមភូមិសិក្សាបន្ត ។

លោក ណាត ប៊ុនរឿន មានប្រសាសន៍បន្តថា ដោយកត់សម្គាល់ពីអំណាចនៃការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថល ដែលជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ក្រសួងអប់រំ យុវជន និងកីឡា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានខិតខំប្រឹងប្រែងរួមគ្នាក្នុងការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយឲ្យបានស្ទាត់ជំនាញ លើផ្នែកបច្ចេកវិទ្យាឌីជីថល។

បន្ទប់កុំព្យូទ័រ ICT ទាំង ៤៨ នេះត្រូវបានបង្កើតឡើងក្នុងផ្នែកមួយនៃគម្រោងរួមគ្នារបស់ក្រសួងអប់រំ យុវជន និងកីឡា និងកយកា-KOICA ស្តីពីការកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន នៃការអប់រំមធ្យមសិក្សាបឋមភូមិនៅកម្ពុជា ឆ្នាំ ២០២១-២០២៦ ។

ក្នុងឱកាសនោះដែរ លោកស្រី Choi Moonjung នាយិកានៃការិយាល័យ KOICA ប្រចាំនៅកម្ពុជាបានមានប្រសាសប៍ថា រដ្ឋាភិបាលកូរ៉េ គាំទ្រយុទ្ធសាស្ត្របញ្ចកោណ និងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំរបស់កម្ពុជា។ ICT នឹងអាចផ្តល់ឲ្យលើសពីអ្វីដែលការអប់រំបែបប្រពៃណីបានផ្តល់ឲ្យ ហើយនោះជាអ្វីដែលសតវត្សរ៍ទី ២១ នេះកំពុងត្រូវការ គឺដើម្បីធ្វើឲ្យលើសពីដែនកំណត់ និងធ្វើឲ្យមានការផ្លាស់ប្តូរពិតប្រាកដ។

លោកស្រី នាយិការបានបន្តថា ក្នុងកិច្ចពិធីសម្ពោធនេះ ក្រសួងក៏បានដាក់បង្ហាញសៀវភៅសិក្សាថ្មីចំនួន ៩ ក្បាលសម្រាប់គរុសិស្សផងដែរ ដែលនេះជាលើកទីមួយហើយ ដែលមានសៀវភៅសិក្សាផ្នែក ICT សម្រាប់គរុសិស្សមធ្យមសិក្សាបឋមភូមិ ។ សៀវភៅសិក្សាទាំង ៩ ក្បាលនេះត្រូវបានបង្កើតឡើងស្របតាមកម្មវិធីសិក្សា ICT ដែលក្រសួងអប់រំ យុវជន និងកីឡា និងKOICA បានរួមគ្នាបង្កើត។ គរុសិស្សនឹងទទួលបាននូវចំណេះដឹងមូលដ្ឋាន ដូចជាការណែនាំអំពីកុំព្យូទ័រ មូលដ្ឋានគ្រឹះចំណេះដឹងឌីជីថល និងចំណេះដឹងវិជ្ជាជីវៈផ្សេងៗទៀត ៕

To Top