ភ្នំពេញ ៖ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បានកំណត់យកថ្ងៃទី១ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីពិភាក្សានិងអនុម័ត លើសេចក្តីព្រាងច្បាប់ ចំនួនពីរ គឺសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតអង្គការពាណិជ្ជកម្ម ពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការ ឧបត្ថម្ភធនជលផល និងសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក ។

ការកំណត់ថ្ងៃបើកសម័យប្រជុំ ពេញអង្គរដ្ឋសភានេះបន្ទាប់ពីគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភា ធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។

អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម ៖ អង្គប្រជុំបានអនុម័តបញ្ចូលក្នុងរបៀបវារៈ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នូវ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ សម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការ ពាណិជ្ជកម្ម ពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការ ឧបត្ថម្ភធនជលផល
នឹងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក៕







