ព័ត៌មានជាតិ

ក្រុមហ៊ុន FreshStart Energy មានបំណងវិនិយោគ លើការប្រើប្រាស់ បច្ចេកវិទ្យាទំនើប​ គ្រប់គ្រង ថាមពលអគ្គិសនី​ នៅកម្ពុជា​

ភ្នំពេញ៖​ លោក Mario Vecchio នាយកប្រតិបត្តិ និង ជាប្រធានក្រុមហ៊ុន FreshStart Energy បានប្រាប់សម្តេចធិបតីថា​ ខ្លួនមានបំណង វិនិយោគនៅកម្ពុជា​ ដោយនាំយកបច្ចេកវិទ្យាទំនើប​ នៃការគ្រប់គ្រងការប្រើប្រាស់ ថាមពលអគ្គិសនី​ ។

ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ នា​រសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤​ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី​ លោក Mario Vecchio​ បានគោរពជម្រាបជូន សម្ដេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន FreshStart Energy ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន FreshStart ហើយកំពុងមានប្រតិបត្តិការនៅប្រទេសអូស្រ្តាលី និងបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសសិង្ហបុរី និងប្រទេសថៃ ជាដើម ដែលនៅក្នុងប្រទេស​ អូស្ត្រាលី​ ក្រុមហ៊ុនរបស់លោក បានប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការគ្រប់គ្រងការប្រើប្រាស់ ថាមពលអគ្គិសនីនៅតាមសាលារៀន មន្ទីរពេទ្យ និង ស្ថានីយប្រេងឥន្ធនៈ ជាដើម។

លោកនាយកប្រតិបត្តិបានបន្ថែមទៀតថា ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗ សម្រាប៉ការប្រើប្រាស់ថាមពលអគ្គីសនី ប្រកបដោយប្រសិទ្ធភាព គុណភាព និងសន្សំសំចៃខ្ពស់។

លោកនាយកប្រតិបត្តិ បានបង្ហាញបំណងវិនិយោគនៅកម្ពុជា ដោយនាំយកបច្ចេកវិទ្យាទំនើប​ នៃការគ្រប់គ្រងការប្រើប្រាស់ថាមពលអគ្គិសនី។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារ​ ជាមួយលោកនាយកប្រតិបត្តិ និងអរគុណចំពោះក្រុមហ៊ុន FreshStart Energy ដែលបានបង្ហាញពីបំណង​ ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ហើយសម្ដេចធិបតីបានគូសបញ្ជាក់ថា គោលបំណងរបស់កម្ពុជា គឺមិនត្រឹមតែពង្រឹង និងពង្រីកទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល និងការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនប៉ុណ្ណោះទេ ថែមទាំងមានបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននិង ឯកជននៃប្រទេសទាំងពីរផងដែរ។

ចំពោះវិស័យថាមពល សម្ដេចធិបតី​ បានគូសបញ្ជាក់ថា បណ្ដាប្រទេសជាច្រើនទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោកបានយកចិត្តទុកដាក់ខ្ពស់​ លើការធ្វើបរិវត្តកម្មវិស័យថាមពល ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងតែយកចិត្តទុកដាក់អភិវឌ្ឍលើវិស័យថាមពលនេះដែរ។ បន្ថែមពីនេះ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បី ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និងក្រសួងរ៉ែ និងថាមពល ដើម្បីស្ថាប័នទាំងពីរអាចជួយសម្របសម្រួល និងគាំទ្រដល់ការរៀបចំ នូវគម្រោងវិនិយោគ របស់ក្រុមហ៊ុននៅកម្ពុជា៕

To Top